(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កំពុងពិចារណា​លើវិធីសាស្រ្ដថ្មីៗ​ជាច្រើន ដើម្បីពង្រីក​ការដាក់ពង្រាយ និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​របស់ខ្លួន​ នៅទូទាំងពិភពលោក សំដៅទប់ការ​វាយប្រហារជាយថា​ហេតុណាមួយ​ ដោយមីស៊ីល​របស់សត្រូវ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

យុទ្ធសាស្ត្រ​របស់លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងផ្ដោតសំខាន់លើ​ការបញ្ឈប់គ្រាប់​មីស៊ីល មុនពួកវា​ត្រូវបានបាញ់​ចេញ ឬហោះនៅលើ​អាកាស​នៅនាទីដំបូងៗ។ រីឯសភាអាមេរិក ក៏ត្រូវបាន​គេរាយការណ៍ដែរថា បានលើកទឹកចិត្ត​ដល់មន្ទីរបញ្ចកោណឱ្យជម្រុញ និងអនុវត្តន៍​តាមយុទ្ធសាស្រ្តនេះ​ ដែលអាច​នឹងមានបញ្ចូល​ទាំងការបំពាក់ឡាស៊ែរ​នៅលើយន្ដហោះ​ដ្រូន។

ដោយឡែក​ទីភ្នាក់ងារ​សារព័ត៌មាន AP ផ្អែកលើប្រភពមន្ត្រី​ជាន់ខ្ពស់អាមេរិក មិនបញ្ចេញ​អត្តសញ្ញាណម្នាក់បាន​បញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់អារម្មណ៍​លើការអភិវឌ្ឍ និងដាក់ពង្រាយ​ប្រព័ន្ធមីស៊ីលការ​ពារដែនអាកាស​បន្ថែម ដែលមានសមត្ថភាព​ខ្ពស់​ក្នុងការចាប់សញ្ញា និងកម្ទេចមីស៊ីល​សត្រូវដោយមានការ​ផ្ដល់ជំនួយពី​ផ្កាយរណប។

លើសពីនេះទៅទៀត ដើម្បីពង្រឹងប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស ទីក្រុង​វ៉ាស៊ីនតោន អាចនឹង​ប្រើប្រាស់ sensors ទំនើបៗ​ជាច្រើន​ ដែលអាច​ជួយសម្រួល​ដល់ការចាប់​សញ្ញាមីស៊ីល និងការបាញ់ម្ទេចមីស៊ីលសត្រូវ​ដោយផ្ទាល់តែម្ដង។ តែយ៉ាងណាក៏ដោយ AP បានឱ្យដឹងថា ការបំពាក់ប្រព័ន្ធចាប់សញ្ញា​មីស៊ីលនៅលើផ្កាយរណប​ក្នុងទីអវកាស មិនត្រួវបានគេរំពឹងថា​នឹងក្លាយជាផ្នែកមួយ​នៃយុទ្ធសាស្ត្ររបស់​លោក ត្រាំ នោះទេ។

គួរបញ្ជាក់ថា ជុំវិញសេចក្ដីរាយការណ៍​ខាងលើនេះដែរ រដ្ឋាភិបាលរុស្ស៊ី​បានផ្ញើលិខិតមួយច្បាប់​ជូនសមាជិកសភា​អាមេរិក ដោយចោទ​ប្រកាន់ថា យុទ្ធសាស្ត្រថ្មី​របស់លោក ត្រាំ កំពុងបំផ្លាញដ​ល់សិន្ធិសញ្ញាកាត់បន្ថយ​អាវុធយុទ្ធសាស្ត្រ ដែលត្រូវបាន​ចុះហត្ថលេខា​រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន​កាលពី​ឆ្នាំ២០១០៕