(ញូយ៉ក)៖ ព្រឹទ្ធសមាជិក​អាមេរិកមួយរូប​គឺលោកស្រី ឃើស្ទែន ហ្គីលីប្រ៊ែន (Kirsten Gillibrand) ដែលជាអ្នករិះគន់ដ៏លេច​ធ្លោម្នាក់ប្រឆាំង​​​លោក ដូណាល់ ត្រាំ បានចាប់ផ្តើម​ប្រកាសថា លោកស្រីនឹង​ចូលរួមធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោត​ជ្រើសរើស​បេក្ខជនប្រធានាធិបតី​អាមេរិកនៅក្នុងបក្ស ដើម្បីទៅប្រកួត​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ ​នៅឆ្នាំ២០២០។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

ក្នុងឃ្លីបវីដេអូ​មួយ​នៃកម្មវិធី​កិច្ចសម្ភាស «The Late Show with Stephen Colbert» របស់ប៉ុស្តិ៍ទូរទស្សន៍​អាមេរិក CBS លោកស្រី Gillibrand វ័យ ៥២ឆ្នាំ បានឲ្យដឹងថា លោកស្រីកំពុង​រៀបចំគណៈកម្មាធិការ​មួយ ដែលអនុញ្ញាត​ឲ្យលោកស្រីចាប់ផ្តើម​រៃអង្គាស​​មូលនិធិ​ ដើម្បីប្រកួតក្នុងការ​ជ្រើសរើស​បេក្ខភាព​នៃបក្ស​​ប្រជាធិបតេយ្យ សម្រាប់ឈរឈ្មោះ​​ក្នុងការបោះឆ្នោត​​​ប្រធានាធិបតី​​ឆ្នាំ​២០២០។

គួរជម្រាបថា លោកស្រី Gillibrand ធ្លាប់បាន​បោះឆ្នោត​ប្រឆាំង ចំពោះ​ការតែងតាំងមន្រ្តី​សំខាន់ៗ​​ជាច្រើនរូប​​របស់​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ។ លោកស្រីក៏ជាអ្នក​គាំទ្រ និងការពារសិទ្ធិនារី​យ៉ាងស្វាហាប់​មួយរូបផងដែរ ដោយ​ក្នុង​នោះ​​រួម​មានទាំង​ចល​នា #MeToo ដែលការប្រឆាំង​អំពើបៀតបៀន​ និងហិង្សា​ផ្លូវភេទ។

មកទល់​ពេលនេះ លោកស្រី Gillibrand គឺ​ជា​ស្រ្តីទី ៣ ហើយ ដែលបាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​​យកតំណែង​ប្រធានាធិបតី នៅក្នុងគណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​​​​លោកស្រី អេលីហ្សាបេត វ៉ារែន (Elizabeth Warren) វ័យ ៦៩ឆ្នាំ ដែលជាព្រឹទ្ធសមាជិក​មកពី​រដ្ឋ ម៉ាស្សាជូសេតត៍ (Massachusett និងលោកស្រី ទុលស៊ី ហ្គេបបាដ (Tulsi Gabbard) វ័យ​ ៣៧ឆ្នាំ ជាតំណាងរាស្រ្ត​មកពី​រដ្ឋហាវ៉ៃ បានប្រកាស​ចូលរួមដូចគ្នា៕​