(ឡុងដ៍)​៖ សភាចក្រភព​អង់គ្លេសនឹង​បោះឆ្នោតស្ទង់​ទំនុកលើរដ្ឋាភិបាល ក្រោយពីកិច្ច​ព្រមព្រៀង Brexit (ការដកអង់គ្លេស​​ចេញ​​ពី​​សហភាពអឺរ៉ុប) ត្រូវបានសភាបដិសេធ​មិនទទួលយក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

នាយករដ្ឋមន្រ្តី​អង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បាននិយាយថា រដ្ឋាភិបាល​លោកស្រី​ចាំបាច់ត្រូវតែដឹងថា តើខ្លួននៅមានការ​គាំទ្រពី​សភាដែរឬទេ ខណៈ​ដែលសមាជិក​សភាអង់គ្លេសនឹងធ្វើការ​បោះ​ឆ្នោត​ស្ទង់​ទំនុក​ចិត្ត នាថ្ងៃ​ពុធ​សប្តាហ៍នេះ។ ប្រសិនបើ​​ចាញ់​លោកស្រី May នឹងត្រូវចុះចេញ​ពីតំណែង ហើយរដ្ឋាភិបាលមានរយៈពេល​១៤ថ្ងៃ ដើម្បីជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី តែបើ​មិន​ដូច្នោះទេ ចក្រភពអង់គ្លេស​ត្រូវរៀបចំ ការបោះឆ្នោត​សកលសាជាថ្មីតែម្តង។

គួរជម្រាបថា កិច្ចព្រមព្រៀង​ Brexit ដែល​លោកស្រី May បានខិតខំចរចា​ជាមួយមេដឹកនាំ​សហភាពអឺរ៉ុប​ នាពេលកន្លងមកនេះ​ ​បានទទួល​បរាជ័យក្នុង​សំឡេងឆ្នោត ២០២ គាំទ្រទល់នឹង​ ៤៣២ប្រឆាំង ដែល​បង្ក​ឲ្យ​មានការអំពាវនាវ​បោះឆ្នោត​ស្ទង់ទំនុក​ចិត្ត​​ភ្លាមៗ​ ពីសំណាក់​​ប្រធាន​គណបក្សប្រឆាំង​លោក ជែរែមី ខ័រប៊ីន (Jeremy Corbyn)។

ដោយសារតែ កិច្ចព្រមព្រៀង Brexit ខាងលើត្រូវសភា​អង់គ្លេសទាត់ចោល លោកស្រី ត្រូវដាក់គម្រោង Plan B ទៅកាន់​សភា​ បើសិនជារួចខ្លួនពីការ​បោះឆ្នោតស្ទាបស្ទង់​ទំនុកចិត្ត ហើយបន្ទាប់ពីនោះ គឺមានជម្រើស​តែ ០៤ប៉ុណ្ណោះ គឺអង់គ្លេស​ដើរ​ចេញពី​សហភាពអឺរ៉ុប​ដោយពុំមានកិច្ចព្រមព្រៀង​រវាងគ្នា, អង់គ្លេសចរចា​ឡើងវិញជាមួយ​សហភាពអឺរ៉ុប, ការរៀបចំ​ប្រជាមតិពីឡើង​វិញពី Brexit, និងចុងក្រោយ​គឺលុបគម្រោង Brexit ចោលតែម្តង ដោយអង់គ្លេស​នឹងនៅតែជាសមាជិក​សហភាព​អឺរ៉ុប​ដដែល​៕