(ម៉ូស្គូ)៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ជប៉ុនគួរតែទទួលស្គាល់​ដែនអធិបតេយ្យភាព​របស់រុស្ស៊ី នៅលើ​ទីប្រជុំ​កោះ ឃើរៀល (Kuril islands) ជាមុនសិន ដើម្បីឱ្យកិច្ចចរចា​ស្ដីពីសនិ្តភាពរវាង​ប្រទេសទាំងពីរបន្ត​ទៅមុខ​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

ការកត់សម្គាល់​ខាងលើរបស់​លោក Lavrov ធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពីជួបប្រជុំជា​មួយរដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) នៅថ្ងៃចន្ទសប្ដាហ៍​នេះ។ នាឱកាស​នោះ​លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានគូសបញ្ជាក់​ដូច្នេះថា «បញ្ហាដែន​អធិបតេយ្យ ជុំវិញ​ទីប្រជុំកោះ​ជម្លោះ Kuril មិនអាចត្រូវលើក​យកមកធ្វើជា​របៀបវារៈ​ សម្រាប់កិច្ច​ពិភាក្សាឡើយ ព្រោះវា​ច្បាស់ណាស់ គឺជាទឹកដី​របស់រុស្ស៊ី... រុស្ស៊ី​មានឆន្ទៈពិតប្រាកដក្នុងស្វែងរក​ដំណោះស្រាយ​សន្តិភាព ដែលជប៉ុន​ក៏គួរតែលទ្ធផលបន្សល់​ទុក្ខ ក្រោយសង្រ្គាម​លោកលើក​ទី ២ ផងដែរ ក្នុងនោះរួមមាន​ទាំង​ការ​ទទួលស្គាល់ដែន​អធិបតេយ្យរបស់រុស្ស៊ី​ នៅលើទីប្រជុំ​កោះភាគ​ខាងត្បូង Kuril»

គួរជម្រាបថា ក្រោយជំនួប​​កាលពី​ថ្ងៃចន្ទ ខាងភាគី​ជប៉ុន​ក៏បានទទួល​ស្គាល់ដែរថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន និង​នាយករដ្ឋមន្ត្រី​ជប៉ុន​​លោក ស៊ីនហ្សូ អាបេ ត្រូវជួបគ្នាក្នុង​ទីក្រុងម៉ូស្គូ នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សា​ពីការស្វែងរក​សន្ធិសញ្ញា​សន្តិភាព​រវាងប្រទេសទាំង​ពីរ។ រុស្ស៊ី និងជប៉ុន មិនទាន់បាន​ចុះសន្ធិសញ្ញាសន្តិភាព​នឹងគ្នានោះទេ ក្រោយសង្រ្គាម​លោកលើកទី ២ បានបញ្ចប់ទៅ ដោយសារតែបញ្ហា​ជម្លោះលើ​ទីប្រជុំកោះ Kuril ដែលកំពុងស្ថិត​នៅក្រោមការគ្រប់គ្រង​របស់រុស្ស៊ី រីឯជប៉ុនកំពុងទាមទារសិទ្ធិអធិបតេយ្យភាព លើទីប្រជុំកោះជម្លោះនេះ៕