(តូក្យូ)៖ សារព័ត៌មានជប៉ុន Yomiuri Shimbun នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថារដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់រៀបចំជំនួបកំពូលជាលើកទី២ជាមួយកូរ៉េខាងជើង ក្នុងប្រទេសវៀតណាម នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មាន Yomiuri Shimbun ផ្អែកលើប្រភពដែលខ្លួនទទួលបានពីការទូតកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ក៏បានបញ្ជាក់ដែរថា​កូរ៉េខាងជើងកំពុងពិចារណាលើសំណើនេះហើយ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការទទួលស្គាល់ព័ត៌មាននេះជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយ​នៅក្នុងជំនួបកំពូលរៀបចំឡើងនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ ម្យ៉ាងវិញទៀត ក្រោយជំនួបនេះ មេដឹកនាំទាំងពីរបានបង្ហាញពីចេតនាចង់ជួបគ្នាម្ដងទៀត ស្របពេល​មានសេចក្ដីរាយការណ៍ជាច្រើនថាកោះហាវ៉ៃ វៀតណាម និងថៃ បានស្នើសុំរៀបចំជំនួបកំពូលជាលើកទី២នេះ។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញ មួយចំនួន ទីក្រុងហាណូយរបស់វៀតណាមត្រូវបានគេរំពឹងខ្ពស់ជាងគេថានឹងទទួលបានសិទ្ធិរៀបចំជំនួបកំពូលត្រាំ-គីម៕