(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន People’s Daily នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាកម្មកររ៉ែ ២១នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់បាក់អណ្ដូង រ៉ែធ្យូងថ្មមួយកន្លែងនៅឯខេត្ត Shaanxi ភាគពាយព្យប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។

យោងតាម People’s Daily គ្រោះថ្នាក់បាក់អណ្ដូងរ៉ែធ្យូងថ្ម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Baiji Mining Co Ltd’s Lijiagou បានកើតឡើង កាលពីថ្ងៃសៅរ៍ នៅម៉ោង៤៖៣០នាទីរសៀល ចំពេលដែលកម្មករជាង៨៧នាក់ ស្ថិតនៅក្រោមអណ្ដូងរ៉ែនេះ។ សារព័ត៌មានរដ្ឋចិនមួយនេះ បន្ថែមទៀតថាកម្មកររ៉ែ៦៦នាក់ត្រូវបានជួយសង្រ្គោះ រីឯ២១នាក់ផ្សេងទៀតដែលបានជាប់នៅក្រោមអណ្ដូរ៉ែ​ បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អាជ្ញាធរចិនមិនទាន់បញ្ជាក់ពីមូលហេតុបាក់អណ្ដូងរ៉ែធ្យូងថ្មខាងលើនៅឡើយទេ ខណៈការស៊ើបអង្កេត​កំពុងធ្វើបន្តធ្វើឡើង។ ប៉ុន្តែជារឿយៗគ្រោះថ្នាក់បែបនេះត្រូវបានគេបន្ទោសទៅលើការអនុវត្តច្បាប់ធូររលុង និងបញ្ហាបទដ្ឋានសុវត្ថិភាព ក្នុងឧស្សាហកម្មរ៉ែនៅប្រទេសចិន៕