(ប៉ារីស)៖ ព័ត៌មាន​បានចេញផ្សាយ​នៅមុននេះបន្តិចថា មានករណី​ផ្ទុះហ្គាសយ៉ាង​កក្រើក​មួយ នៅតំបន់​ពាណិជ្ជកម្មកណ្តាល​ទីក្រុងប៉ារីស នៃប្រទេស​បារាំងនាព្រឹកថ្ងៃសៅរ៍​នេះតែម្តង (ម៉ោងនៅប៉ារីស) បានបណ្តាល​ឲ្យមនុស្សមួយចំនួនទទួលរងរងរបួសធ្ងន់ និងស្រាល ខណៈពុំទាន់មានការបញ្ជាក់ អំពីចំនួនជងរងគ្រោះច្បាស់លាស់នោះឡើយ។ នេះបើតាម​ការចេញ​ផ្សាយដោយ BBC នាល្ងាច​ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

បើតាមរូបភាព​​ជាក់ស្តែង​នោះ គឺក្រុម​សង្គ្រោះ និងពន្លត់អគ្គីភ័យ​​​កំពុងតែសស្រាក់​សស្រាំ​ក្នុងការជួយ​សង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះ ខណៈទ្រព្យសម្បត្តិសាធារណៈជាច្រើន​ដូចជាអគារ រថយន្ត និង​អ្វីៗជាច្រើនទៀត​បានរងការខូចខាតយ៉ាងដំណំ ដោយសារ​តែករណីផ្ទុះហ្គាសយ៉ាងកក្រើកនេះ។

បើតាមមន្ត្រី​ប៉ូលិសបារាំង ការផ្ទុះនេះ​​ទំនងជាបានកើតចេញ​ពីហាងលក់​នំប៉័ង​មួយកន្លែង នៅតំបន់ Rue de Trévise នា​វេលា​ម៉ោង ៩៖០០នាទីព្រឹក (ម៉ោង​នៅប៉ារីស)។ ប៉ូលិស​បានអំពាវនាវ​ឲ្យប្រជាជនស្ថិត​នៅឲ្យឆ្ងាយពីតំបន់នេះ​សិន ខណៈសកម្មភាព​សង្គ្រោះ និង​គ្រប់គ្រង​ស្ថានការណ៍ជា​រួមកំពុងបន្ត។ ការផ្ទុះនេះ​ត្រូវបានគេ​អះអាងថា ពុំមាន​ជាប់​ពាក់​ព័ន្ធ​នឹងគំរោងធ្វើ​មហាបាតុកម្ម នៃក្រុមអាវ​កាក់ពណ៌លឿង​នោះឡើយ៕