(ប៉េកាំង)៖ លលាដ៍ឆ្អឹង​មនុស្ស​​ដែលអ្នកវិទ្យាសាស្រ្ត​រកឃើញ នៅភាគខាងជើង​​ប្រទេស​ចិន ក្បែរ​ព្រំដែន​​ជាមួយ​ម៉ុង​ហ្គោលី ​និងរុស្ស៊ីនោះ​ត្រូវបាន​ផ្ទៀងផ្ទាត់ដឹងច្បាស់ថា ពិតជាមាន​អាយុកាល​ដល់ទៅជាង ​១០,០០០ឆ្នាំ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

តាមរយៈការសិក្សា​ដើម្បីផ្ទៀងផ្ទាត់​​អាយុកាល​​ ទៅលើ​គំរូលលា​ដ៍ឆ្អឹង​ចំនួន ០៤ ដែលរកឃើញ​នៅសង្កាត់ ចឡៃនួរ (Jalainur) ក្នុង​ទីក្រុង ម៉ាន់ជូលី (Manzhouli) នៃតំបន់ស្វយ័ត​​ម៉ុងហ្គោលី​បានរកឃើញថា គំរូដែលមានអាយុកាល​ចាស់បំផុត​គឺ​​ប្រហែល​១០,១១៣ឆ្នាំ ខណៈ​គំរូ ០៣ទៀតមានចំណាស់​ចាប់ពី ៧,៤០០ឆ្នាំ ១,៦០០ឆ្នាំ និង​១,០០០ឆ្នាំ។

គួរជម្រាបថា លទ្ធផលដែលត្រូវបាន​រកឃើញ​ទាំងអស់នេះ គឺជាភស្តុតាង​​បញ្ជាក់ថា មនុស្សលោកយើងពិត​​ជាបានមករស់នៅ​តំបន់ Jalainur នេះតាំងតែពីជាង ​​១០,០០០ឆ្នាំមុន ឬអាចមុននេះ​ផងក៏ថា​បានដែរ ហើយនេះជាលទ្ធផលធំមួយ ដែលនឹងជួយគាំទ្រ​ដល់ការសិក្សា​ផ្នែកបុរាណ​វិទ្យា និងការជីកកកាយ​អាថ៌កំបាំង​ទឹកដីចិន​ពីបុរាណ​ ឲ្យកាន់តែប្រសើរ​ជាងមុនទៀត៕