(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិកពីររូប​គឺលោក ជែរី ម៉ូរ៉ាណ (Jerry Moran) និង រ៉ូប ផតមែន (Rob Portman) នាថ្ងៃសុក្រសប្តាហ៍នេះ បាន​​​បង្ហាញសេចក្តី​ព្រាងច្បាប់មួយ ដែលមានគោលដៅ​បង្កើតប្រាក់មូល​និធិទំហំ ​២៥ពាន់លានដុល្លារ ដើម្បីពង្រឹង​​សន្តិសុខ​​តាម​ព្រំដែនរបស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​សៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

ជាមួយគ្នានេះ សេចក្តីព្រាង​ច្បាប់ខាងលើ ក៏នឹងរៀបចំជា​ប្រព័ន្ធនូវការការពារ​សម្រាប់ជនទាំង​ឡាយ​ណា ដែល​បាន​ឆ្លង​​ចូលមកក្នុង​ទឹកដីសហរដ្ឋអាមេរិក​កាលពីវ័យកុមារ ដោយខុសច្បាប់​ជាមួយឪពុក-ម្តាយ​របស់ពួកគេ និង​កំពុង​ស្ថិត​ក្រោម​ការការពារ​នៃ​កម្មវិធី Deferred Action for Childhood Arrivals ហៅកាត់ថា DACA ផងដែរ។

លោក Moran បាន​បកស្រាយ​ថា ធនធាននានានឹង​ត្រូវផ្តល់តាម​សេចក្តីព្រាង​ច្បាប់នេះ ដើម្បីរឹតបន្តឹង​​សន្តិសុខ​ព្រំដែន​របស់សហរដ្ឋអាមេរិក ព្រមទាំង​ការពារ​កុមារៗ​នៅក្រោម​កម្មវិធី DACA។ រីឯ​លោក Portman បានចាត់ទុក​សេចក្តីព្រាង​​ច្បាប់​នេះថា ជាដំណោះស្រាយ​សមហេតុសមផល​មួយ និងស្មើភាព ដែលនឹង​ជួយ​ដល់ការសម្រេចគោលដៅ​ទាំង​ពីរ​នេះ។

កម្មវិធី DACA អនុញ្ញាតឲ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែលត្រូវ​ឪពុក-ម្តាយនាំ​យកមកអាមេរិកដោយ​ខុសច្បាប់ និង​ត្រូវ​ស្គាល់​ថា ជា «Dreamer» អាចស្នាក់នៅ និងធ្វើការក្នុង​សហរដ្ឋអាមេរិក ព្រោះពួកទាំង​នោះគ្មានកំហុស​នោះឡើយ។ កន្លង​មកនេះ​រដ្ឋបាល លោក ដូណាល់ ត្រាំ បានលុប​កម្មវិធីនេះចោល ប៉ុន្តែតុលាការ​អាមេរិកដាក់កាត់ក្តីកាលពី​ខែសីហា​ឆ្នាំមុន​ថា ទង្វើនេះ​គឺខុសច្បាប់ ហើយកម្មវិធី DACA ត្រូវតែស្តារ​ឲ្យដូចដើមឡើងវិញ​ទាំងស្រុង។

គួរជម្រាបថា ភាពខ្វែងគំនិតគ្នារវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងសមាជិក​សភាបក្ស​ប្រជាធិបតេយ្យ ជុំវិញការ​ទម្លាក់មូលនិធិសម្រាប់​ដំណើរការ​សាងសង់ជញ្ជាំងព្រំដែន​​អាមេរិក-ម៉ិចស៊ីកូនោះ បានបង្កឲ្យ​​រដ្ឋាភិបាល​អាមេរិក​​ធ្លាក់​ក្នុងសភាបិទទ្វារ​តាំងពីចុងឆ្នាំមុនរហូតមក​ដល់ពេលនេះ ដែលមាន​រយៈពេល ២២ថ្ងៃហើយ និងជាក្លាយជាបិទ​រដ្ឋាភិបាល​យូរបំផុតមិន​ធ្លាប់មាន៕