(ប៉េកាំង)៖ ក្រុមហ៊ុនលក់​ទំនិញតាមអនឡាញធំៗ​ ២ របស់ចិន គឺ JD.com និង Suning បានប្រកាស​ពី​ការបញ្ចុះតម្លៃ​​ទៅ​​លើ​ម៉ូដែល iPhone មួយចំនួន ក្រោយពី​ក្រុមហ៊ុន Apple បានចេញ​របាយការណ៍ពីការលក់ធ្លាក់ចុះ​ នៃឧបករណ៍អេឡិចត្រូ​និចករបស់ខ្លួន នៅ​ក្នុង​ប្រទេស​ចិន​ដែលជា​​​ទីផ្សារធំបំផុត​នៅលើ​ពិភពលោក និងរបស់ Apple ផ្ទាល់។ នេះបើ​តាមការដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​សៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុន Suning បានឲ្យដឹងថា ការប្រែប្រួល​តម្លៃនេះ​បាននាឲ្យប៉ះពាល់​លើម៉ូដែល iPhone មួយចំនួន​រួមមាន​ទាំង iPhone XR ​ទំហំ 128GB ដែលទើបនឹង​ចេញនៅចុងឆ្នាំ២០១៨ ផងដែរ ដោយម៉ូដែលនេះ​ត្រូវបានគេទម្លាក់​តម្លៃរហូតដល់ ​១,២០០យ័ន ឬ ១៧៨ដុល្លារ​ខណៈតម្លៃដើម​របស់វាគឺ ​៦,៩៩៩យ័ន (១,០៣៥ដុល្លារ) ឯណោះ ដូច្នេះក្នុងមួយ​គ្រឿង វានៅតែសល់ក្នុងតម្លៃជាង ៨៥០ដុល្លារប៉ុណ្ណោះ សម្រាប់​ម៉ូដែលមានទំហំផ្ទុក 128GB។

ចំណែកឯ​ក្រុមហ៊ុន JD.com បានប្រកាសពីការបញ្ចុះ​តម្លៃ​ ៦០០យ័ន (៨៩ដុល្លារ) សម្រាប់ iPhone 8 ដែល​នាពេលនេះ​​ធ្លាក់មកនៅ ៣,៩៩៩យ័ន ឬ៥៩១ដុល្លារ ​​និង ៨០០យ័ន (១១៨​ដុល្លារ) សម្រាប់ iPhone 8 Plus ដែលធ្លាក់​ម ​៤,៧៩៩យ័ន (៧១០ដុល្លារ)។ យ៉ាងណាក៏ដោយ មិនទាន់ច្បាស់នោះទេថា វាគឹជារដូវកាលនៃការ​បញ្ចុះតម្លៃ ឬជា​ការចាប់ផ្តើមនៃការ​ធ្លាក់ចុះតម្លៃរបស់​ម៉ូដែល iPhone ទាំងនេះ។

គួរជម្រាបថា កាលពីសប្តាហ៍មុន Apple បានកាត់បន្ថយ​ការព្យាករណ៍​ប្រាក់ចំណូល​របស់ខ្លួន សម្រាប់ត្រីមាសចុង​​ក្រោយ​​នៃ​​ឆ្នាំ២០១៨ ឬត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ២០១៩ មកនៅ ៨៤ពាន់លានដុល្លារ ដែល​វា​ទាប​​ជាង​គោល​ដៅ​នៃ​​ការ​រំពឹង​ទុក​ក្នុងទីផ្សារ ០៩ភាគរយ។ ក្រុមអ្នកវិភាគ​​បានលើក​ឡើងថា ការធ្លាក់ចុះការលក់​របស់ក្រុមហ៊ុន Apple នៅក្នុង​ប្រទេសចិន គឺដោយសារ​តែតម្លៃ​ដ៏ថ្លៃ ​បូករួមជាមួយ​​ការប្រកួត​ប្រជែង​​ពី​ក្រុមហ៊ុនផលិត​ទូរស័ព្ទដៃក្នុងស្រុករបស់ចិន​ផ្ទាល់ រួម​មាន​​ដូចជា Huawei និង Xiaomi ជាដើម៕