(ប៉េកាំង)៖ នាថ្ងៃសុក្រ​សប្តាហ៍នេះចិនបានប្រកាសថា បេសកកម្ម «ឆាងអឺ៤» ដែល​ជា​ការ​បញ្ជូន​យាន​ទៅ​ចុះ​ចត​នៅ​លើ​ចំហៀង​​ផ្ទៃ​​​ព្រះច័ន្ទដែលបែរចេញពីផែនដីរបស់នោះ បានទទួលជោគជ័យទាំងស្រុង។ ជាមួយគ្នានេះទីភ្នាក់ងារអវកាស​ចិន CNSA ក៏បាន​បង្ហាញរូបភាពថ្មីៗនៃយានអវកាសរបស់ខ្លួន ដែលកំពុងស្ថិតនៅទីនោះផងដែរ។​ នេះបើតាមការដក​ស្រង់​​ការ​​ផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

ក្នុងចំណោមរូបភាពដែលទីភ្នាក់ងារ CNSA បានបញ្ចេញនៅថ្ងៃសុក្រ គឺមាន២សន្លឹក ដែលបានបង្ហាញឲ្យឃើញយ៉ាង​ច្បាស់នូវយាន «ឆាងអឺទី៤» ដែលជាប្រភេទ Lander មិនអាចចល័តបាន និងយានមួយទៀតដែលវានាំយកទៅជាមួយមាន​ឈ្មោះថា «Yutu-2 ឬទន្សាយគជ់ទី២» ជាប្រភេទ Rover មានកង់អាចចល័តទៅមកបាន។ រូបភាពទាំងពីរសន្លឹក​នេះ ​បាន​មក​ពីការថតរូបគ្នាទៅវិញទៅមកនៃយានទាំងពីរគ្រឿង។ សម្រាប់ការបញ្ជូនទិន្នន័យនានាពីពួកវាមកកាន់ផែនដី ត្រូវ​ធ្វើ​ឡើងតាមរយៈផ្កាយរណបមួយគ្រឿងរបស់ចិនឈ្មោះថា «Queqiao ឬស្ពានសត្វល្វាចេក» ដែល​កំពុង​គោចរ​នៅ​ជុំវិញ​ព្រះច័ន្ទ។

យាន «ឆាងអឺទី៤» បានចុះទៅដល់តំបន់​រណ្តៅ Von Karman ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់​ព្រះច័ន្ទ កាល​ពី​ថ្ងៃ​ទី០៣ ខែមករា ហើយយាន «ទន្សាយគជ់ទី២» បានចាកចេញពីវាដើម្បីរត់លើដីព្រះច័ន្ទ​នៅ​ប៉ុន្មាន​ម៉ោងក្រោយ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា។ ក្រោយមក យាន Rover នេះ បានសម្រាកមួយរយៈ ដោយសារតែ​រលកវិទ្យុសកម្ម​ព្រះអាទិត្យ បានបង្កើន​សីតុណ្ហ​ភាព​​លើផ្ទៃព្រះច័ន្ទដល់ជាង១០០អង្សាសេ និងទើបចាប់ផ្តើមការងារឡើងវិញនៅថ្ងៃព្រហស្បតិសប្តាហ៍​នេះ។

​គួរជម្រាបថា បេសកកម្មរុករកឋានព្រះច័ន្ទរបស់ប្រទេសចិន បានចាប់ផ្តើមកាលពីឆ្នាំ២០០៤មកម្ល៉េះ ហើយ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ​ទីភ្នាក់ងារអវកាសចិន ធ្លាប់បានបញ្ជូនផ្កាយរណប (ឆាងអឺទី១ និងឆាងអឺទី២) ទៅ​កាន់​គន្លង​គោចរ​របស់​ព្រះច័ន្ទ ​ក៏ដូចជា​​យាន​​​ Lander «ឆាងអឺទី៣» និងយាន Rover «ទន្សាយគជ់ទី១» ទៅចុះចតលើផ្ទៃព្រះច័ន្ទ។ សម្រាប់ការចុះ​ចត​នៅចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថាតំបន់ «Far Side ឬ Dark Side» នោះ គឺជាលើក​ដំបូង​បំផុតនៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​​មនុស្ស​ជាតិ៕