(វ៉ាស៊ីនតោន)៖ ប្រភពស្និទ្ធនឹងកំពូលមហាសេដ្ឋីអាមេរិក លោក Jeff Bezos បានឱ្យដឹងថាលោក និង​ភរិយា​មិន​មាន​កិច្ច​ព្រមព្រៀងបែងចែក ទ្រព្យសម្បត្តិមុននឹងរៀបអាពាហ៍ពិពាហ៍នោះទេ ដូច្នេះអ្នកទាំង២នឹងត្រូវ​ចែក​ទ្រព្យ​សម្បត្តិ​ជាពីរ​ចំណែក​ស្មើគ្នា (50/50)។ នេះបើតាមគេហទំព័រ TMZ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

TMZ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា លោក Jeff និងភរិយាគឺលោកស្រី Mackenzie Bezos នឹង​ដាក់​ពាក្យលែងលះគ្នា ទៅកាន់តុលាការទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗនេះ ជាទី​ដែល​ច្បាប់ពាហ៍ពិពាហ៍​បាន​ចែង​ថា​រាល់​ទ្រព្យ​សម្បត្តិ និងចំណូលរកបានអំឡុង ចំណងអាពាហ៍ពិពាហ៍នឹងត្រូវបែងចែកជា២ស្មើគ្នា ក្នុងករណីលែងលះ។

ប៉ុន្តែបើសិនជាទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីអាមេរិកជាប់លេខ១នៅលើពិភពលោក លោក Jeff Bezos ដែល​បច្ចុប្បន្ន​មានទ្រព្យ១៣៧ ពាន់លានដុល្លារ ត្រូវបែងចែកជា២មែន នោះវាអាចនឹងធ្វើឱ្យលោកស្រី Mackenzie ក្លាយ​ជា​ស្ត្រី​មាន​លុយច្រើនជាងគេនៅលើលោកខណៈ ម្ចាស់ក្រុមហ៊ុន Amazon រូបនេះអាចនឹងធ្លាក់មកនៅលេខរៀងទី៥ ឬទី៦​ឯណោះ​នៃ​បញ្ជី​ឈ្មោះអ្នកមានជាងគេលើលោក។

គួរបញ្ជាក់ថា លោក Jeff Bezos បានប្រកាស​ថា លោក និងភរិយាគឺ​លោកស្រី MacKenzie បាន​សម្រេចចិត្តបញ្ចប់​ជីវិតអាពាហ៍ពិពាហ៍​ជាង ២៥ឆ្នាំ ហើយបន្ត​រាប់អានគ្នា​ជាមិត្ត កាលពីថ្ងៃពុធកន្លងទៅ។ អ្នកទាំងពីរមាន​កូនចំនួន ០៤នាក់ ក្នុងនោះមាន​កូនប្រុស ០៣នាក់ និងកូនស្រីម្នាក់ រីឯមូលហេតុនៃ​ការលែងលះនេះ​មិនទាន់​ត្រូវគេបញ្ជាក់​ឱ្យច្បាស់នៅ​ឡើយទេ៕