(ឡុងដ៍)៖ ដោយសារតែអ្នក​វិទ្យាសាស្រ្តមិនមាន​ឱកាសមើលឃើញ ព្រឹត្តិការណ៍ប៉ះ​ទង្គិចគ្នាធំៗ​​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​ ដូចជាពេលនៃការកកើត​ព្រះច័ន្ទ​របស់ផែនដី វត្តមាននៃប្រព័ន្ធ​ខ្សែក្រវាត់របស់​ភពសៅរ៍ (Saturn) និង​រង្វិល​ជុំប្លែកខុស​ឆ្ងាយពី​គេ​​នៃភព​អុយរ៉ាណុសជាដើមនោះ អ្នកវិទ្យាសាស្រ្តបាន​ងាកទៅប្រើប្រាស់​​ប្រព័ន្ធ​គំរូសេណារីយ៉ូ (Simulation) នៅលើ​កុំព្យូទ័រ ហើយ​ខណៈដែល​​បច្ចេកវិទ្យា​កុំព្យូទ័រ ​បន្ត​មានភាពរីក​ចម្រើនកាន់តែខ្លាំង​ទៀតនោះ គំរូ Simulation នៃព្រឹត្តិការណ៍​អស្ចារ្យ​ទាំងនេះ អាចកាន់មាន​​​​លក្ខណៈលម្អិត​ច្បាស់​ឡើងៗ។

ថ្មីៗនេះ​អ្នកវិទ្យាសាស្រ្ត​កំពុងសិក្សា​ទៅលើគំរូ Simulation នៃព្រឹត្តិការណ៍​ប៉ះទង្គិចគ្នារវាង​វត្ថុអវកាសដ៏​ធំមួយ ជាមួយនិង​​ភពអុយរ៉ាណុស​កាលពីរាប់ពាន់​លានឆ្នាំមុន ដែលបាន​បណ្តាលឲ្យអ័ក្សរង្វិលជុំ​របស់ភពមួយ​នេះ មានសភាព​ចម្លែក​ខ្លាំង​ពីភព​ឯទៀតៗនៅ​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ លើកលែង​តែភព​អុយរ៉ាណុស ភពដទៃទៀត​មានអ័ក្សរង្វិលជុំ​បញ្ឈរត្រង់ស្មើ​ ឬក៏ទ្រេតតែ​ប៉ុន្មានដឺក្រេ​ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វា​វិញគឺមានអ័ក្ស​ផ្តេកខ្លាំង​ខុសគេ។ លក្ខណៈចម្លែករបស់វាពុំទាន់អស់​ត្រឹម​នេះឡើយ ដោយភពអុយរ៉ាណុសក៏មាន​ស្រទាប់ម៉ាញេទិចប្លែកហើយមានសីតុណ្ហត្រជាក់ខ្លាំងផងដែរ។

គួរជម្រាបថា ​តាមរយៈការ​ប្រើប្រាស់ Simulation អ្នក​វិទ្យាសាស្រ្ត អាចវាយតម្លៃ​លើលទ្ធផលខុសៗ​គ្នា ​នៃ​​ព្រឹត្តិការណ៍​ខាង​លើ ដោយពួកគេ​អាចកំណត់ទំហំ និងល្បឿន​នៃវត្ថុដែលបានបុកជា​មួយ​អុយរ៉ាណុស ក៏ដូចជារង្វាស់មុំ​នៃការ​ប៉ះទង្គិច​គ្នា​ ហើយ​លើស​ពីនេះ​ទៀត Simulation ក៏អាច​បង្ហាញ​ពីទំហំនៃខ្ទាត​កម្ទេចកម្ទីរ​​ដែលបង្កឡើង ព្រម​​ទាំង​​សមត្ថ​ភាព​​អត់ធន់​នៃ​បរិយាកាស​របស់ភព ក្នុងអំឡុង​​ព្រឹត្តិ​ការណ៍​នេះផងដែរ។ ខណៈបច្ចេកវិទ្យា​កុំព្យូទ័រ​កាន់តែ​ជឿនលឿន ការ​ប្រើ Simulation ទាំងនេះ​កាន់តែមាន​ប្រសិទ្ធ​ភាពឡើង៕