(យ៉ាងហ្គន)៖ តុលាការមីយ៉ាន់ម៉ា​នៅថ្ងៃសុក្រនេះ បានច្រានចោល​បណ្ដឹងឧទ្ធរណ៍​របស់អ្នកកាសែត​សារព័ត៌មាន Reuters ទាំង០២នាក់ ដែលត្រូវ​បានផ្ដន្ទាទោស​ដាក់ពន្ធនាគារ ០៧ឆ្នាំ ពីបទរំលោភលើច្បាប់រក្សា​ការសំងាត់ជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និងលោក ក្យរ សឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ា​ កាត់ទោសដាក់ពន្ធគាររយៈពេល ៧ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០១៨ ពីបទរំលោភលើច្បាប់រក្សាការសំងាត់ជាតិ។ ប៉ុន្តែការសម្រេចចិត្ត​នេះត្រូវបាន​សហគមន៍អន្តរជាតិ ​ថ្កោលទោស​យ៉ាងខ្លាំង ហើយវា​ក៏បានបង្កឱ្យមាន​សំណួរជាច្រើន​ផងដែរពាក់ព័ន្ធនឹងដំណើរការ​ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ​របស់មីយ៉ាន់ម៉ា ខណៈមន្ត្រី ទូត និងក្រុម​អង្គការសិទ្ធិមនុស្សអន្តរ​នានា​ចាត់ទុកថា ការចាប់ខ្លួន និងការកាត់ទោស​អ្នកកាសែតទាំង ០២នាក់នេះ គឺជាការរំលោភ​លើសិទ្ធិ​មនុស្ស និងសេរីភាព​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អ្នកកាសែត​មកពី​សារព័ត៌មាន Reuters ចំនួន ០២នាក់ខាងលើ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន នៅអំឡុងពេលពួកគេកំពុងដឹកនាំ ការយកព័ត៌មានបែបស៊ើបអង្កេត ជុំវិញការសម្លាប់រង្គាលលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine៕