(ហូជីមិញ)៖ ​មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជន​បទ​វៀតណាម បានប្រកាសឲ្យ​ដឹងនាថ្ងៃចន្ទនេះថា ករណីវីរុស​​គ្រុន​ផ្តាសាយ​បក្សី​​បានផ្ទុះឡើងនៅខេត្ត ឡុងអាន (Long An) ភាគខាងត្បូង​ប្រទេស​វៀតណាម។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពី​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

បើតាមមន្ទីរកសិកម្ម​វៀតណាម ពេលថ្មីៗនេះវីរុសគ្រុន​ផ្តាសាយបក្សី H5N1 បានឆ្លង និងសម្លាប់សត្វមាន់ក៏ដូចជាទារាប់​រយ​ក្បាល​​​ក្នុងកសិដ្ឋានរបស់គ្រួសារ​មួយ និងទាប្រមាណ ៣,៦០០ក្បាល​របស់គ្រួសារមួយទៀត​នៅក្នុងឃុំ ឡុងសុន (Long Son) ​នៃស្រុក ខេនដុក (Can Duoc)។

ជាការឆ្លើយ​តបភ្លាមៗ បណ្តាទីភ្នាក់ងារ​ដែលពាក់ព័ន្ធ បានសម្លាប់សត្វបក្សីចិញ្ចឹម​ដែល​ឆ្លងចោល​ទាំងអស់ ហើយ​កម្ចាត់​វីរុសចេញពី​ទីតាំងដែលត្រូវបានវាយលុក​ពី​វីរុស H5N1 និងបានរឹតបន្តឹង​ការត្រួតពិនិត្យលើការ​ដឹកញ្ជូនមាន់-ទា នៅ​តាម​តំបន់រងការប៉ះពាល់​ក៏ដូចជា​តំបន់​ក្បែរខាង ព្រមទាំងបង្កើន​​ការចាក់វាក់សាំង​ការពារវីរុស​គ្រុនផ្តាសាយបក្សី​ឲ្យ​សត្វ​ទាំង​នេះ។

គួរជម្រាបថា ​យោងតាម​ការបញ្ជាក់របស់ក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍ជនបទ​​វៀតណាម ប្រទេសអាស៊ាន​មួយនេះ ពុំធ្លាប់​មានករណី​មនុស្សឆ្លងវីរុស H5N1 ទៀតឡើយគិត​ចាប់តាំងពី​ឆ្នាំ២០១៤ មក៕