(ម៉ូស្គូ)៖ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បានទាត់​ចោលដំណោះស្រាយ​ ដែលត្រូវបាន​អនុម័តឡើងដោយព្រឹទ្ធសភា​អាមេរិក ដោយទម្លាក់​ការទទួលខុសត្រូវ​លើព្រះអង្គម្ចាស់​រាជទាយាទ​ មហាំម៉ាត់ ប៊ិន​សាល់ម៉ាន់ ចំពោះការស្លាប់​របស់អ្នកកាសែត​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមក្រសួងការបរទេស​អារ៉ាប៊ីសាអូឌីត ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន ព្រឹទ្ធសភាអាមេរិក​បានអនុម័តលើ​ដំណោះស្រាយ ចំនួនពីរដាច់ដោយ​ឡែក​ពីគ្នា ដោយមួយគឺទម្លាក់​ការទទួលខុសត្រូវលើព្រះអង្គ​ម្ចាស់ ប៊ិន​សាល់ម៉ាន់ ចំពោះការស្លាប់​របស់អ្នក​កាសែត លោក Jamal Khashoggi និងមួយ ទៀតគឺស្នើឱ្យរដ្ឋបាល​លោក ដូណាល់ ត្រាំ បញ្ឈប់ការ​គាំទ្រដល់ទីក្រុង​រីយ៉ាដ នៅក្នុង​សង្រ្គាម​យ៉េមែន។

តែយ៉ាងណា​ក៏ដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត​នៅថ្ងៃចន្ទនេះ បានទាត់ចោល​ដំណោះស្រាយ​ទាំងនេះ​ដោយអះអាងថា ការចោទប្រកាន់ទាំងឡាយមកលើ​ព្រះអង្គម្ចាស់ ប៊ិន​សាល់ម៉ាន់ ធ្វើឡើងដោយ​គ្មានមូលដ្ឋាន ហើយថា​គោលជំហររបស់ព្រឹទ្ធសភា​អាមេរិកនាពេល​ថ្មីនេះ គឺជាការ​ជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់​អារ៉ាប៊ីសាអូឌីត និងកំពុង​បំផ្លាញដល់​តួនាទីរបស់​ទីក្រុងរីយ៉ាដ នៅលើឆាក​អន្តរជាតិ និងនៅក្នុងតំបន់។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បាន​និយាយថា លោកមិនចង់ឱ្យ​ការស្លាប់របស់​លោក Khashoggi ប៉ះពាល់ដល់​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ឡើយ ព្រោះវាអាចបង្ខំឱ្យទីក្រុងរីយ៉ាដ​ងាកទៅទិញ​អាវុធពី​រុស្ស៊ី និងចិនវិញ។ ប៉ុន្តែ នៅក្នុង​ដំណោះស្រាយ​ទាំងពីរខាងលើ ព្រឹទ្ធសភាអាមេរិកក៏​បានព្រមាន​អារ៉ាប៊ីសាអូឌីត​ទុកជាមុន​ផងដែរ ពាក់ព័ន្ធការ​ទិញអាវុធពី​មហាយក្សទាំងពីរ​នេះ៕