(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីព អឺដូហ្គាន់ បាននិយាយថា តួកគីមានបំណង​ទិញយន្ដហោះចម្បាំង​បំបំាងកាយ​អាមេរិក F-35 ចំនួន ១២០គ្រឿង បើទោះជា​មានព័ត៌មាន​ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន​អាចលុបចោលគម្រោងលក់​យន្ដហោះ​ចម្បាំង​នេះឱ្យទីក្រុង​អង់ការ៉ា​ ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីក៏ដោយ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

នាឱកាសពិធីជួបជុំ​មួយនៅឯទីក្រុង​អ៊ីស្ដង់ប៊ូល កាលពីថ្ងៃអាទិត្យ​លោក អឺដូហ្គាន់ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងនឹង​ទិញយន្តហោះចម្បាំង ​F-35 ចំនួន​១២០គ្រឿង​ពីសហរដ្ឋអាមេរិក ហើយសមាសធាតុ​មួយចំនួនសម្រាប់យន្ដហោះ​ចម្បាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេស​តួកគី»

គួរជម្រាបថា ការលើកឡើងខាង​លើរបស់លោក អឺដូហ្គាន់ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ជំនួយ​ការម្នាក់របស់លោក​បាន​ឱ្យដឹងកាលពីថ្ងៃសៅរ៍ នៅឯវេទិកាមួយក្នុង​ទីក្រុងដូហា ប្រទេសកាតា​ថា សហរដ្ឋអាមេរិកអាច​នឹងលុបចោលការលក់​​យន្ដហោះ F-35 ឱ្យតួកគី បើសិនជាទីក្រុងអង់ការ៉ា​មិនព្រមលុបចោលគម្រោងទិញ​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស S-400 ពីរុស្ស៊ីទេនោះ៕