(ម៉ូស្គូ)៖ ក្រសួងការបទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេសអឺរ៉ុបដើម្បីប្រឆាំង​នឹងការឈ្លានរបស់រុស្ស៊ី បន្ទាប់ពីមានប៉ះទង្គិចរវាងទូកអ៊ុយក្រែន និងរុស្ស៊ីនៅឯច្រកសមុទ្រ Kerch។ នេះបើតាមការចេញ​ផ្សាយ​ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់​ដូច្នេះថា៖​«សហរដ្ឋអាមេរិកនឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេស​អឺរ៉ុបដើម្បីប្រឆាំងនឹងការឈ្លានរបស់រុស្ស៊ី...ហើយនឹង​ឱ្យ​រុស្ស៊ីទទួល​ខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននាពេលបច្ចុប្បន្ន»។​ សេចក្ដីថ្លែងការណ៍ដដែលបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន​ស្វាគមន៍ការសម្រេចចិត្តបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងម៉ូស្គូ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ការវាយប្រហារនិងការរឹបអូសទូកអ៊ុយក្រែន ពីសំណាក់កងកម្លាំងរុស្ស៊ីនៅឯ ច្រកសមុទ្រ Kerch កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ៕