(វ៉ាស៊ីនតោន)៖ អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតមកពីសារព័ត៌មាន Washington Post ដែលត្រូវបានគេសម្លាប់នៅក្នុង ប្រទេសតួកគី គឺលោក Jamal Khashoggi បានជាប់ឈ្មោះជាបុគ្គលល្បីល្បាញប្រចាំទស្សនាវដ្ដី Time សម្រាប់ឆ្នាំ២០១៨ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USTODAY នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសតែងតាំង លោក Khashoggi​ ជាបុគ្គលល្បីឈ្មោះ ឬ Person of the Year របស់ទស្សនាវដ្ដី Time ត្រូវបានធ្វើ ឡើងនៅក្នុងកម្មវិធីមួយនៃទូរទស្សន៍ NBC នៅថ្ងៃអង្គារនេះ។ លោក Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ​ប្រទេសតួកគី កាលពីខែតុលាកន្លងទៅ។ ការស្លាប់របស់លោកបានធ្វើឱ្យពិភពលោក មានភាពរំជើបរំជួលជាខ្លាំង ដោយសារតែមានការចោទប្រកាន់ថាព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំមាត់ ប៊ិន សាល់ម៉ាន មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏រសើបនេះ។ តែអាជ្ញាធរទីក្រុងរីយ៉ាដ បានបដិសេធរាល់ការចោទប្រកាន់ រីឯសាកសពរបស់អ្នកកាសែតរូបនេះក៏មិនទាន់ត្រូវគេរកឃើញនៅឡើយដែរ។

គួរបញ្ជាក់ថា Person of the Year របស់ទស្សនាវដ្ដីអាមេរិក Time គឺសំដៅទៅលើបុគ្គល ឬក្រុមមនុស្សទាំងឡាយណា ដែលមានឥទ្ធិពល ឬល្បីឈ្មោះទាំងខាងល្អ និងខាងអាក្រក់ប្រចាំឆ្នាំ៕