(វ៉ាស៊ីនតោន)៖ ក្រសួង​ការពារជាតិ​អាមេរិក ​នឹងដកកងទ័ពរាប់រយនាក់ចេញពី​ព្រំដែន​ភាគខាងត្បូងជាប់​ប្រទេស​ម៉ិចស៊ីកូ ក្នុងពេល​ឆាប់ៗនេះ។ នេះបើតាម​អ្នកនាំពាក្យមន្ទីរ​បញ្ចកោណ លោក រ៉ូប មែននីង (Rob Manning) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅថ្ងៃចន្ទ​សប្ដាហ៍នេះ លោក Manning បានបញ្ជាក់ឱ្យ​ដឹងយ៉ាងដូច្នេះថា «អង្គភាពខ្លះ​បានបំពេញ​ការងាររបស់ពួកគេចប់សព្វគ្រប់​ហើយ... ដូច្នេះពួកគេ​នឹងត្រូវដកចេញពី​ព្រំដែនភាគខាងត្បូង​ ជាប់ប្រទេស​ម៉ិចស៊ីកូ និងត្រឡប់ទៅផ្ទះវិញក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍​ខាងមុខ​ទៀតនេះ។ លោក Manning បន្ថែមថា បច្ចុប្បន្ន​កងទ័ព ៥,២០០នាក់​ កំពុងឈរជើង​នៅឯតំបន់​ព្រំដែនភាគខាងត្បូង​ជាប់ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់​លំហូរចូលជនអន្តោប្រវេសន៍​ មកពីតំបន់អាមេរិក​កណ្ដាល។

គួរជម្រាបថា អាជ្ញាធរអាមេរិក​នៅថ្ងៃចន្ទសប្ដាហ៍​នេះ ក៏បានចាប់ខ្លួន​មនុស្ស ៣២នាក់ ក្នុងបាតុកម្មតវ៉ា​មួយនៅឯ​ឧទ្យាន​ហ្វាលស្តេត (Field State) នៃទីក្រុង​សាន់ឌីហ្គោ (San Diego) ដែលមានពំ្រប្រទល់ជាប់ទីក្រុង​ទីជួអាណា (Tijuana) ប្រទេសម៉ិចស៊ីកូ។ ​សម្រាប់ការ​សម្រេចចិត្តដកនេះ ​គឺអាមេរិកមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែ​វាបាន​កើតមានឡើង​បន្ទាប់ពីតំបន់ព្រំដែន កាន់តែមាន​ភាពតានតឹង​ដោយ​សារ​លំហូរ​នៃ​ជនភៀស​ខ្លួនកាន់តែ​ខ្លាំងឡើង៕