(វ៉ាស៊ីនតោន)៖ ក្រសួងហិរញ្ញវត្ថុ​អាមេរិកនាថ្ងៃចន្ទ​សប្តាហ៍នេះ បានប្រកាស​ដាក់ទណ្ឌកម្មមន្រ្តី​ជាន់ខ្ពស់ ០៣រូប នៃរបបដឹកនាំកូរ៉េ​ខាងជើង នៅចំពោះ​មុខភាពស្ងប់ស្ងាត់​ នៃ​កិច្ចចរចា​​រវាង​ប្រទេស​ទាំងពីរ​ ជុំវិញការរំសាយអាវុធនុ​យក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េ​​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ទណ្ឌកម្មខាងលើ​ដែលធ្វើឡើង​ដោយ​ស្របទៅតាមរបាយការណ៍ ​នៃក្រសួង​ការបរទេស​អាមេរិក​ស្តីពីបញ្ហា​​កូរ៉េ​ខាង​ជើង នឹងបង្កករាល់​ទ្រព្យសម្បត្តិទាំង​ឡាយ​​ដែលមន្រ្តី​ទាំង ០៣រូបអាចមាននៅ​អាមេរិក និងហាមមិនឲ្យ​អង្គភាព ឬបុគ្គលជនជាតិ​អាមេរិកណាមួយ​មានទំនាក់ទំនង​​ផ្នែកហិរញ្ញវត្ថុ ជាមួយមន្ត្រី​កូរ៉េខាងជើងទាំងនោះឡើយ។

គួរជម្រាបថា ទណ្ឌកម្មនេះ​ស្ថិតក្នុងចំណោម​ទណ្ឌកម្ម ដែលត្រូវបាន​ដាក់ចេញដោយ​សហរដ្ឋអាមេរិក ទៅលើអង្គភាព​និងបុគ្គលជាប់​ពាក់ព័ន្ធ​នៅកូរ៉េខាងជើង ស្របពេលដែល​កិច្ចប្រឹងប្រែង​កំពុងធ្វើឡើង ដើម្បីឆ្ពោះទៅសម្រេច​ការរំសាយ​អាវុធនុយក្លេអ៊ែរ​ពីឧបទ្វីបកូរ៉េ។ ទីក្រុង​ព្យុងយ៉ាង​បានរិះគន់ជា​ដដែលៗថា ការបន្តដាក់ទណ្ឌកម្ម​ទាំងនេះដោយ​ទីក្រុង​​វ៉ាស៊ីនតោន គឺជាសកម្មភាព​កាន់តែធ្វើឲ្យប្រទេសទាំងពីរ ​លែងជឿទុក​ចិត្តគ្នាខ្លាំងឡើងៗ៕