(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសន្យាថា​នឹងដំឡើង​ប្រាក់​ឈ្នួល​អប្បរមា ក៏ដូចជាផ្ដល់​សម្បទានមួយចំនួន​លើ​វិស័យពន្ធ ដើម្បីបន្ធូរបន្ថយភាព​តានតឹង ដែលបង្ក​ឡើងដោយបាតុកម្មដ៏ហិង្សា របស់ក្រុម​បាតុករអាវកាក់ពណ៌លឿង​​នៅក្នុង​ប្រទេស និងក្រោយ​ការប្រកាសដាក់​សេដ្ឋកិច្ច និងសង្គម​ទៅក្នុងគ្រា​អាសន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC​ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

លោក ម៉ាក្រុង ធ្វើការសន្យា​បែបនេះ​ នៅក្នុងសុន្ទរកថា​តាមកញ្ចក់ទូរទស្សន៍​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ហើយមិនតែ​​ប៉ុណ្ណោះក្រៅ​តែពីការសន្យា ប្រធានាធិបតី​បារាំងរូបនេះ​ក៏បានបង្ហាញការទទួល​ខុសត្រូវផងដែរ​ ចំពោះភាព​ចលាចល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស។ ថ្លែងនា​ឱកាស​នោះ​លោក ម៉ាក្រុង បានឱ្យដឹង​ទៀតថា ប្រាក់ឈ្នួលអប្បរមានឹងត្រូវបានបន្ថែម ១០០​អឺរ៉ូ ក្នុងមួយខែ​ចាប់ពីឆ្នាំ២០១៩ តទៅ។

លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធសម្រាប់និវត្តន៍ជន​ដែលមានប្រាក់ចំណូលទាប នឹងត្រូវលុបចោល រីឯប្រាក់បន្ថែម​ម៉ោងក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជកត្រូវបានលើក​ទឹកចិត្ត ឱ្យផ្ដល់ប្រាក់​ឧបត្ថម្ភ​បំណាច់ឆ្នាំដល់​​នាយាជិក ដែលជាប់ពន្ធ។ ប៉ុន្តែ​ក្រុមបាតុករ​អាវកាក់ពណ៌​មួយចំនួន បានទាត់ចោល​ការសន្យារបស់លោក ម៉ាក្រុង ដោយអះអាង​ថាវាគ្រាន់តែ​ជាវិធានពាក់​កណ្ដាលតែ​ប៉ុណ្ណោះ និងចង់ឱ្យរដ្ឋាភិបាល​បារាំងផ្ដល់សម្បទាន​ច្រើនជាង​នេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យ​ចុងក្រោយរបស់ក្រសួងមហា​ផ្ទៃបារាំង មនុស្សច្រើនជាង ៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុង​នោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស​០៤នាក់ហើយបានស្លាប់ គិតចាប់តាំង​ពីបាតុកម្មបាន​ផ្ទុះឡើងកាល​ពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រសិនបើកិច្ចចរចា​រវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​នៅតែមិន​ត្រូវគ្នាទៀត​នោះ​ មហាបាតុកម្ម​អាចនឹងផ្ទុះឡើង​​ជាលើកទី ៥ នៅចុង​សប្តាហ៍​នេះ៕