​(ម៉ូស្គូ)៖ ក្រសួង​ការពារជាតិ​រុស្ស៊ីបានកត់​សម្គាល់​ថា ការអះអាងរបស់​សហរដ្ឋអាមេរិក ជុំវិញការវាយប្រហារដោយ​អាវុធគីមី​របស់ក្រុមឧទ្ទាមស៊ីរី​ នៅក្នុង​ទីក្រុងអាឡេប៉ូ (Aleppo) ជារឿង​ប្រឌិត គឺគ្រាន់តែ​ការព្យាយាមការពារ​ក្រុមភេរវករ​អន្តរជាតិ​ប៉ុណ្ណោះ។ នេះ​បើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀលថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

ប្រតិកម្មរបស់​ទីក្រុងម៉ូស្គូ កើតមានឡើង​ជាការឆ្លើយតបទៅកាន់ក្រសួងការបរទេស​អាមេរិក ដែលបានចោទ​ប្រកាន់របស់​រុស្ស៊ី និងស៊ីរីថា ក្រុមឧទ្ទាមស៊ីរី​បានប្រើប្រាស់អាវុធគីមី​នៅក្នុងទីក្រុង Aleppo ជារឿង​ប្រឌិត។ តែទោះ​ជាយ៉ាងណា នៅក្នុង​សេចក្ដីថ្លែងការណ៍​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ ក្រសួង​ការពារជាតិ​បានបញ្ជាក់ថា ទីក្រុងម៉ូស្គូមាន​​ភស្ដុតាង​ដែល​មិនអាច​ប្រកែក​បានដែលបង្ហាញថា ក្រុមឧទ្ទាមស៊ីរី​ពិតជាបានប្រើប្រាស់អាវុធគីមី​​ប្រឆាំងនឹងជន​ស៊ីវិល។

គួរបញ្ជាក់ថា បើតាម​សារព័ត៌មាន​​រដ្ឋស៊ីរី SANA ការវាយប្រហារ​ដោយអាវុធគីមី​ក្នុងទីក្រុង Aleppo កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា បានបណ្ដាល​ឱ្យជនស៊ីវិល ១០៧នាក់ រងរបួសផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ បន្ថែមពីនេះសារព័ត៌មានស៊ីរីក៏បានចេញផ្សាយផងដែរថា ក្រុម​ចំរុះដឹកនាំ​ដោយ​អាមេរិកបានដឹកនាំការទម្លាក់គ្រាប់បែកកម្ទេចក្រុម ISIS នៅខេត្តឌែលអាល់ហ្សួរ បណ្តាលឲ្យជនស៊ីវិល ០៨នាក់ស្លាប់ និងមន្ទីរពេទ្យមួយខ្នងត្រូវខ្ទេច។ នេះជាភាព​តានតឹង​ជាថ្មីដែលផ្ទុះឡើង ក្រោយពីប៉ុន្មានខែនៃការស្ងប់ស្ងាត់នោះ៕