(តូក្យូ)៖ សារព័ត៌មាន​ជប៉ុន Nikkei បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​កំពុងសម្លឹងមើល​ ការបង្កើនការចំណាយលើ​វិស័យ​យោធា ​សម្រាប់រយៈ​ពេល ០៥ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងរាល់បញ្ហា​សន្តិសុខ និងកាត់បន្ថយ​អតិរេកពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក តាមរយៈការទិញ​បរិក្ខាយោធា​បន្ថែម។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

ដោយមិនបានបញ្ជាក់​ពីប្រភពដែលខ្លួន​ទទួលបាន Nikkei បានឱ្យដឹង​ទៀតថា ក្រសួងការពារ​ជាតិជប៉ុន គ្រោងនឹងចំណាយ​ប្រាក់ជាង ២៧ទ្រីលានយ៉េន (១៨៨.២ពាន់លានផោន) នៅចន្លោះខែមេសា ឆ្នាំ២០១៩ និងខែមីនា ឆ្នាំ២០២៤ ជាមួយការ បង្កើនការចំណាយជាមធ្យម ១.១ភាគរយ​ក្នុងមួយឆ្នាំ និងលើស ០.៨ភាគរយ​នៅអំឡុងរយៈ​ពេល ០៥ឆ្នាំ ដោយចាប់​គិតពី​ខែមីនា ឆ្នាំក្រោយ​តទៅ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិ​ជប៉ុន​កាលពីខែសីហា ក៏បានស្នើឱ្យមាន​ការចំណាយលើកញ្ចប់ថវិកា​ក្នុងកំណត់ត្រាមួយ​ជាង ៥.៣ទ្រីលានយ៉េន​ផងដែរ សំដៅធ្វើបច្ចុប្បន្នភាព​សមត្ថភាព​ការពារជាតិ ជាពិសេសគឺទប់ទល់​នឹងការគំរាមកំហែង​ដោយមីស៊ីល ឬអាវុធនុយក្លែអ៊ែរ​ពីសំណាក់​កូរ៉េខាងជើង៕