(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook ត្រូវបាន​គេរាយការណ៍ថា បានព្យាយាមលួច​រក្សាទុកជាសំងាត់​នូវទិន្នន័យ Call និងសាររបស់​អ្នកប្រើប្រាស់ទូរស័ព្ទ​ដៃប្រភេទ Android នៅក្នុងបរិបទ​ដែលក្រុមហ៊ុនបណ្ដាញ​ទំនាក់ទំនង​សង្គមមួយនេះ​កំពុង ជាប់ផុង​ក្នុងរឿងអាស្រូវ​ធ្វើឱ្យលេចធ្លាយ​ទិន្នន័យឯកជន​ របស់អ្នកប្រើប្រាស់​រាប់សិបលាន​នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ឈ្មោះថា Six4Three មានកម្រាស់​រាប់រយទំព័រ និងចេញផ្សាយ​ដោយសភាក្រុមតំណាងរាស្ត្រ​អង់គ្លេស នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Facebook ក៏ត្រូវបាន​គេចោទប្រកាន់ផងដែរថា​ បានលក់ទិន្នន័យឯកជន​របស់អ្នកប្រើ ប្រាស់ទៅ​ឱ្យភាគីទី ៣ ដើម្បីតែការ​រីកចំរើនរបស់​ខ្លួន។

តែយ៉ាងនេះក្ដី​នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានច្រានចោល​របាយការណ៍នេះ ហើយថា ក្រុមហ៊ុនរបស់លោក​មិនដែលបានលក់ទិន្នន័យ​អ្នកប្រើប្រាស់ទៅឱ្យ​ភាគីទីបីឡើយ។ «យើងមិន​ដែល​បាន​លក់​ទិន្នន័យ អ្នកប្រើប្រាស់​ម្នាក់ណាឡើយ... តែផ្ទុយទៅវិញ ដើម្បីឱ្យមានភាព​ប្រសើរឡើង ក្រុមហ៊ុន Facebook បានបិទគណនី និងកម្មវិធី​របស់ក្រុមហ៊ុន ឬអង្គភាពមួយ​ចំនួន ដែលរំលោភបំពាន​លើទិន្នន័យអ្នក​ប្រើប្រាស់»។ នេះជាការលើក​ឡើងរបស់​លោក Mark។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ក្រុមហ៊ុន Facebook បានប្រឈមមុខ​នឹងរឿងអាស្រូវជា​ច្រើនជាបន្ត​បន្ទាប់ ជាពិសេសគឺរឿង​អាស្រូវកាលពី​ខែមីនា កន្លងទៅ ដែលក្រុមហ៊ុននេះ​ត្រូវបានគេចោទ​ថា បានបណ្ដោយ​ឱ្យក្រុមហ៊ុន​អង់គ្លេសឈ្មោះ Cambridge Analytica ប្រើប្រាស់ទិន្នន័យ​អ្នកប្រើប្រាស់​ជាង ៨៧លាននាក់៕