(វ៉ាស៊ីនតោន)៖ យោធាអាមេរិក​បានបញ្ជូននាវាពិឃាត​ បំពាក់មីស៊ីល​ប្រដេញ​មួយគ្រឿង ក្រោមប្រតិបត្តិការ​ដែលទីក្រុង​វ៉ាស៊ីនតោន​ហៅថា «សេរីភាពនៃនាវាចរ» ទៅកាន់សមុទ្រ​ជប៉ុនថ្ងៃពុធ​សប្តាហ៍នេះ ក្បែរ​តំបន់ ភីធើ ហ្គ្រែត ប៊េយ (Peter the Great Bay) ដែលជាមូលដ្ឋានស្នូល​ នៃ​កងនាវារុស្ស៉ីប្រចាំមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់​​ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

អ្នកនាំពាក្យកង​នាវាអាមេរិកប្រចាំ​តំបន់ប៉ាស៊ីហ្វិក​បានឲ្យដឹងថា នាវា​ពិឃាត USS McCampbell បានធ្វើដំណើរ​​នៅក្នុង​បរិវេណ​នៃតំបន់ Peter the Great Bay ដើម្បីប្រឆាំង​នឹង​ការទាមទារ​​ដែនទឹកយ៉ាងហួសហេតុ​​របស់រុស្ស៉ី ដើម្បី​​បង្ហាញ​ពី​​សិទ្ធិ​សេរីភាព និងការប្រើប្រាស់​ដោយ​ស្របច្បាប់នៃដែនសមុទ្រ ដែលសហរដ្ឋអាមេរិក​ព្រមទាំង​ប្រជាជាតិ​ឯទៀតៗ​ទទួល​បាន។ ទីក្រុង​វ៉ាស៊ីនតោន​មិនទទួលស្គាល់​ការទាមទារទឹកដី​របស់ម៉ូស្គូ ហួសពី​ចម្ងាយ ​១៩.៣គីឡូម៉ែត្រ​​ពី​តំបន់​ Peter the Great Bay ឡើយ។

គួរជម្រាបថា នេះគឺជាការចល័ត​នាវាចម្បាំងអាមេរិកក្រោម​ប្រតិបត្តិការ «សេរីភាព​នៃនាវាចរ» លើកមួយ គិត​ចាប់​​តាំង​​ពី​ឆ្នាំ​១៩៨៧​មក ទៅក្បែរប្រទេសរុស្ស៉ី ដែលវាកើតឡើងនៅចំពោះ​មុខភាពតានតឹង​ នៃទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​៕