(ម៉ូស្គូ)៖ សារព័ត៌មាននៃក្រសួង​ការពារជាតិរុស្ស៊ីឈ្មោះ ក្រាសណាយ៉ា ហ្សាវែសដា (Krasnaya Zvezda) បានរាយការណ៍ថា ប្រព័ន្ធអាវុធ​ឡាស៊ែរជំនាន់ថ្មី

ភឺរែសវែត (Peresvet ត្រូវបានដាក់ដំណើរការ​​ហើយ កាលពីថ្ងៃចុងសប្ដាហ៍កន្លង​ទៅ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់​ងារសារព័ត៌មានចិន​​ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាន Krasnaya Zvezda បានឱ្យដឹងថា យោធារុស្ស៊ីក៏បាន​បញ្ចេញវីដេអូនៃការចាប់​ផ្ដើមដាក់ពង្រាយ​ប្រព័ន្ធអាវុធ ឡាស៊ែរ Peresvet នេះដែរ រីឯយោធា​រុស្ស៊ីដែលទទួល​ភារកិច្ចប្រតិបត្តិការប្រព័ន្ធអាវុធនេះ ​ត្រូវបានបណ្ដុះបណ្ដាល​ចេញពី​បណ្ឌិតសភាយោធា​អវកាស ម៉ូហ្សៃស្កាយ (Mozhaysky) ក្នុងទីក្រុង​ភីធឺស្បឺក (St. Petersburg)។

បន្ថែមពីលើនេះ​ផ្អែកលើការស្រង់សម្ដីពី​អ្នកជំនាញម្នាក់ សារព័ត៌មានដដែល​បានបញ្ជាក់ថា Peresvet មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការពារ​ទីតាំងដាក់ពង្រាយប្រព័ន្ធមីស៊ីល​បាលិស្ទីគអន្តរទ្វីប ក៏ដូចជាអាច​ប្រើប្រាស់ជាប្រព័ន្ធ​ការដែនអាកាស​បានទៀតផង។

គួររំលឹកថា កាលពីខែមីនា​កន្លងទៅ នាឱកាសថ្លែង​សន្ទរកថាប្រចាំឆ្នាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស​ពីការអភិវឌ្ឍ​អាវុធទំនើបៗ ក្នុងនោះ​រួមមាន​​ប្រព័ន្ធអាវុធ​ឡាស៊ែរ ដើម្បីបង្កើន​សមត្ថភាព​យោធារុស្ស៊ី និងធានាឱ្យ​បានថា រុស្ស៊ី​ដើរមុនគូប្រជែងរបស់ខ្លួន​ក្នុងវិស័យ​អាវុធឡាស៊ែរ៕