(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់នាថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសជាថ្មីម្តងទៀត អំពីការប្តេជ្ញាពង្រឹង​​ទំនាក់ទំនង​​ជាបងប្អូនឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត នៅចំពោះមុខសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប្តេជ្ញាក៏ដូចជាអំពាវនាវពង្រឹង​ចំណងទាក់ទងនៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងឱកាស ជួបពិភាក្សាគ្នារវាង​ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih និង​ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅឯរដ្ឋធានី​តេហេរ៉ង់។

គួរជម្រាបថា ជំនួបរវាង​មេដឹកនាំអ៊ីរ៉ាក់និងអ៊ីរ៉ង់ បានកើតមានឡើង ប្រមាណជាពីរសប្តាហ៍ក្រោយ ទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មដែលធ្លាប់ដកចេញនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ២០១៥ ទៅលើរដ្ឋាភិបាលទីក្រុង​តេហេរ៉ង់ឡើងវិញ៕