(ហ្សាការតា)៖ គ្រោះធម្មជាតិ​រញ្ជួយដីបន្ថែមក្នុងកម្រិត ៥.១រ៉ិចទ័រ និង ៥.៥រ៉ិចទ័រ បានកើត​មានឡើងនារយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើស្រុក​ម៉ាម៉ាសា (Mamasa) នៃខេត្តស៊ូឡាវ៉េស៊ី​ខាងលិច នៃប្រទេស​ឥណ្ឌូណេស៊ី និងបានផ្តាច់​ជីវិតមនុស្ស ០៧នាក់ ខណៈមនុស្ស​ជាង ៨,០០០នាក់ កំពុងស្នាក់នៅ​ជម្រកបណ្តោះ​អាសន្ន ក្រោយតំបន់​ដែលពួកគេ​រស់នៅ មួយភាគត្រូវ​បានដីបាក់រលំសង្កត់ពីលើ។ នេះបើ​​តាមការ​ចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីឥណ្ឌូណេស៊ីបាន​បញ្ជាក់ប្រាប់ស៊ីនហួរ​តាមទូរស័ព្ទថា លំនៅឋាន​យ៉ាងហោចណាស់​ក៏ ៨ខ្នងដែរ ត្រូវបានល្បាប់ដីហូរ​មកសង្កត់ពីលើ ក្រោយតំបន់នោះ​​បានទទួលរងគ្រោះ​រញ្ជួយដី​កម្រិតមធ្យម​ជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរ​ឥណ្ឌូណេស៊ីបាន​បង្ខំចិត្ត​ជម្លៀស​ប្រជាជនជាង ៨,០០០នាក់ក្នុងស្រុកម៉ាម៉ាសា ទៅកាន់ទីកន្លែង​​មានសុវត្ថិភាព ដោយសារតែ​តំបន់​ដែលពួកគេ​រស់នៅកំពុងប្រឈមមុខ​នឹងការបាក់ដីជាបន្ត​បន្ទាប់។

គួរបញ្ជាក់ថា ខេត្ត​ស៊ូឡាវ៉េស៊ីខាងលិចដែលទើបរងគ្រោះថ្មីនេះ គឺជាប់ព្រំដែន​ជាមួយនឹងខេត្ត​ស៊ូឡាវ៉េស៊ី​កណ្តាល ដែលទើបតែ​បានទទួលរង​គ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិយ៉ាងធ្ងន់ធ្ងរ​កាលពីខែ​កញ្ញា ដោយបាន​បណ្តាលឲ្យមនុស្ស​ស្លាប់ជាង ២,០០០នាក់៕