(ប៊ុយណូសអ៊ែរែស)៖ ក្រោយរយៈពេល​មួយឆ្នាំគត់ នៅទីបំផុតនាវាមុជទឹក ARA San Juan ត្រូវបានក្រុមអ្នករុករកអាហ្សង់ទីន រកឃើញកន្លែងដែលវាកំពុងស្ថិតនៅហើយ និងត្រៀម​កម្លាំង​ដើម្បីចុះទៅកាន់ទីនោះ ដើម្បីពិនិត្យស្ថានភាព​ជាក់ស្តែង។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាវាមុជទឹក ARA San Juan មានផ្ទុកនាវិកសរុប ៤៤នាក់ បានបាត់ខ្លួនដោយ​អាថ៌កំបាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពី​មានសេចក្ដីរាយការណ៍ថា នាវាមុជទឹកនេះ មានបញ្ហាបច្ចេកទេស​នៅឯឈូងសមុទ្រ ផាតាហ្គោនៀ (Patagonia)។ កាលណោះក្រុម​អ្នកជួយ​សង្រ្គោះអន្តរជាតិ បានបរាជ័យក្នុងការ​កំណត់ទីតាំងដែល​នាវាមុជទឹកនេះ​ស្ថិតនៅ ហើយក៏សម្រេចផ្អាកសកម្មភាពរួមគ្នា ក្នុងការស្វែងរកតែម្តង។

ទោះជាបែបនេះក្ដី កងនាវាអាហ្សង់ទីន​នៅតែបន្តការស្វែងរករបស់ពួកគេ នៅឯតំបន់នាវា​នេះបាត់ខ្លួនដដែល រហូតដល់មួយឆ្នាំមកនេះទើប​ប្រទេសអាមេរិកខាងត្បូង​មួយនេះបានអះអាងជាផ្លូវការថា ខ្លួនពិតជារកឃើញទីតាំងដែល​នាវាមុជទឹក ARA San Juan កំពុងស្ថិត​នៅប្រាកដមែន។

គួរបញ្ជាក់តាមក្រុម​ជំនាញអាហ្សង់ទីនថា បច្ចុប្បន្ននេះ​នាវាមុជទឹក ARA San Juan កំពុងស្ថិតនៅ​ក្នុងជម្រៅទឹក ៨០០ម៉ែត្រ នៅក្បែរឧបទ្វីប​វ៉ាល់ដែស (Valdes) នៃឈូងសមុទ្រ​ផាតាហ្គោនៀ ភាគនិរតីមហាសមុទ្រអាត្លង់ទិក។ សេចក្តីប្រកាស​​ត្រូវបាន​ធ្វើឡើង​តែពីរថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រួសារ​ជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​អាហ្សង់ទីន បានប្រារព្ធ​ខួបមួយ​ឆ្នាំគត់ នៃការបាត់ខ្លួន​នាវាមុជទឹក និង​នាវិកទាំង ៤៤នាក់​នោះ៕