(ហ្សាការតា)៖ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីបានឲ្យដឹងថា អាកាសយានិកទាំងឡាយ​របស់​យន្តហោះ Boeing 737 ត្រូវការឆ្លងកាត់ការហាត់រៀនបន្ថែមទៀត ក្រោយ​ពីមានការរកឃើញថា ​​ក្រុមពីឡុត​​នៃ​យន្តហោះរបស់​អាកាសចរណ៍​ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនោះ អាចបានជួបប្រទះស្ថានការណ៍​ដែលពុំមានចែងនៅក្នុងសៀវភៅ​​ហោះ​​ហើរ​របស់យន្តហោះនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមព័ត៌មាន​ដែលយកបានពីប្រអប់ខ្មៅ​ផ្ទុកទិន្នន័យហោះ​ហើរ ​​​​របស់យន្តហោះ Boeing 737 MAX ដែល​ធ្លាក់នោះ​កាលពី​​​សប្តាហ៍មុន បានជំរុញឲ្យ​ទីភ្នាក់ងារ​គ្រប់គ្រង​វិស័យអាកាសចរណ៍​​អាមេរិក FAA ចេញ​​សេចក្តីបង្គាប់​ជា​បន្ទាន់​​មួយ​ដែល​​ស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍​នានា​​ធ្វើបច្ចុប្បន្ន​សៀវភៅណែនាំ​ការហោះហើរ​​របស់​ពួកគេ។

សេចក្តីបង្គាប់​នោះបានរំលឹកអាកាសយានិក​ឲ្យប្រុងប្រយ័ត្ន ​ចំពោះប្រព័ន្ធកុំព្យូទ័រ​​នៅលើ​​យន្តហោះ Boeing 737 MAX ដែល ​Boeing បានបំពាក់​ដើម្បីបង្ការកុំឲ្យមាន​ការគាំងម៉ាស៊ីននោះ ដែលអាច​​​ធ្វើឲ្យយន្ត​ហោះ​​សំយ៉ុង​ក្បាល​​ចុះ​ក្រោម​យ៉ាង​គំហុក​ភ្លាមៗ​រហូត​ដល់​១០វិនាទី ​ក្នុងស្ថានការណ៍ណាមួយ សូម្បីតែនៅពេលដែលពីឡុតកំពុង​កាន់ចង្កូតបញ្ជាផ្ទាល់ក៏ដោយ ខណៈ​ប្រការនេះអាចបង្កផល​បំបាកខ្លាំងក្នុងការព្យាយាម​គ្រប់គ្រង​យន្តហោះ។

​ទោះបីជាបើតាម​ក្រុមអ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី បញ្ហាខាងលើ​ពុំត្រូវបានចែងនៅក្នុងសៀវភៅ​ហោះហើរ​​ក៏ដោយ​ ​ក្រុម​​អាកាសយានិក​នៅមានបញ្ជីត្រួតពិនិត្យ​មួយទៀត សម្រាប់ឲ្យ​ពីឡុត​​ធ្វើការបិទ​ប្រព័ន្ធ​ខុសប្រក្រតីនានា នៅពេល​ដែលយន្តហោះ ចាប់ផ្តើមដាំក្បាល​ចុះក្រោមខុស​ពេល​វេលា។

ដូច្នេះហើយ ក្រុមអ្នកស៊ើបអង្កេត​នឹង​ធ្វើការស្រាវជ្រាវ​តទៀត​ថា តើ​ក្រុម​អាកាសយានិក​របស់​​យន្តហោះ Lion Air ដែល​ជួបគ្រោះ​អាក្រក់នោះ បានត្រួតពិនិត្យ​មើលបញ្ជីដែលគេ​ហៅថា Checklist នេះឬក៏អត់ ហើយបើបាន​ត្រួតពិនិត្យ​តើ​ពួក​គេមាន​ពេលគ្រប់គ្រាន់ ដើម្បីបិទប្រព័ន្ធ​​សំយ៉ុងក្បាលយន្ត​ហោះ​ដោយស្វ័យប្រវត្តិ នៅពេលហោះហើរ​ក្នុងរយៈកម្ពស់​ត្រឹមជាង ១,៥០០ម៉ែត្រដែរ ឬយ៉ាងណា។

យ៉ាងណាមិញ ដើម្បីបកស្រាយចម្ងល់នេះបានទាំងស្រុង អ្នកស៊ើបអង្កេត​អាចនឹងត្រូវការព័ត៌មានពីប្រអប់ខ្មៅ​មួយ​​ទៀត​​ ដែលផ្ទុកសំឡេងសន្ទនានៅក្នុងបន្ទប់ពីឡុត ដែលរកមិនទាន់ឃើញនៅឡើយ។

គួរជម្រាបថា របាយការណ៍បឋម​​នៃការស៊ើបអង្កេត ជុំវិញ​ករណីធ្លាក់យន្តហោះខាងលើ ក៏នឹងត្រូវចេញផ្សាយ​នៅថ្ងៃទី​២៨ ឬទី២៩ ខែវិច្ឆិកាផងដែរ ពោលគឺប្រមាណ១ខែក្រោយ​យន្តហោះ Boeing 737 Max របស់​អាកាសចរណ៍ Lion Air បានធ្លាក់ទៅ​ក្នុងសមុទ្រខេត្តជ្វា នៃប្រទេស​ឥណ្ឌូណេស៊ី ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៨៩នាក់ ដែលជិះនៅលើ​នោះ​៕