(ម៉ូស្គូ)​៖ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានដំឡើងការព្យាករណ៍​របស់ខ្លួនសម្រាប់តម្លៃប្រេង​​ក្នុងអត្រា០៦ភាគរយ​ គឺ​ទៅដល់​៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៥ និង​ក្នុង​អត្រា​០.៩ភាគរយដល់​១១២ដុល្លារបារ៉ែលនៅឆ្នាំ​២០៤០​។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍​ស្តីពីចក្ខុវិស័យ​នៃ​វិស័យថាមពលពិភពលោកឆ្នាំ២០១៨​របស់ IEA កាលពីខែកញ្ញាកន្លងទៅ​ តម្លៃប្រេងបានកើនលើសពី៨០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពី​វិបត្តិប្រេង​ឆ្នាំ២០១៤ នៅចំពោះមុខ​ព្រឹត្តិការណ៍​ភូមិសាស្រ្តនយោបាយសំខាន់ៗ ព្រមទាំង​ការថយចុះទិន្នផលប្រេង​របស់វេណេស៊ុយអេឡា និងការ​សម្រេច​​ចិត្តដោយ​ប្រទេសនាំចេញប្រេងធំៗ ដែលសុទ្ធតែមានឥទ្ធិពលលើលទ្ធភាពនាពេល​អនាគតនៃការផលិតប្រេង។

របាយការណ៍ខាងលើបានលើកឡើងទៀតថា ដោយគិតគូរអំពី​​​គោលនយោបាយវិស័យថាមពលនាពេលបច្ចុប្បន្ន​របស់ប្រទេសនានានៅលើពិភពលោក រួមជាមួយផែនការផ្សេងៗ​នៃប្រទេសទាំងនោះ​ តម្លៃប្រេង​ត្រូវគេ​ព្យាករណ៍​ថា​​​នឹងកើនឡើងដោយសន្សឹមៗ​​​​ពីតម្លៃមធ្យម​៥២ដុល្លារក្នុងមួយបារ៉ែល​នៅឆ្នាំ២០១៧ ទៅ៨៨ដុល្លារក្នុងមួយបារ៉ែលនៅ​ឆ្នាំ២០២៥ ៩៦ដុល្លារនៅឆ្នាំ២០៣០ ១០៥ដុល្លារនៅឆ្នាំ២០៣៥ និង១១២ដុល្លារនៅឆ្នាំ២០៤០។

លើសពីនេះទៀត ទីភ្នាក់ងារ IEA រំពឹងថាតម្រូវការប្រេងលើសកលលោកនឹងកើនពី៩៤.៨បារ៉ែលក្នុងមួយថ្ងៃនា​ឆ្នាំ២០១៧ទៅ១០៦.៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៤០៕