(ដាម៉ាស់)៖ មេបញ្ជាការយោធា​មួយរូប នៃប្រទេសស៉ីរីបាន​លើកឡើងថា ការប្រគល់​ប្រព័ន្ធមីស៉ីលការពារ​អាកាសរុស្ស៉ី S-300 មក​កាន់ស៉ីរី ពុំបានលុបបំបាត់​ចោលទាំងស្រុងនូវហានិភ័យ​ នៃការវាយ​ប្រហារថ្មី​ជាបន្តបន្ទាប់​​ដោយអ៉ីស្រាអែល​នោះឡើយ ប៉ុន្តែវាបាន​​កាត់បន្ថយលទ្ធភាពជោគជ័យ​នៃសកម្មភាពទាំងនោះ​ ឲ្យនៅតិចតួច​បំផុត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

​ឆ្លើយតបសំណួរ​ថា តើអាចមានការវាយប្រហារ​ថ្មីពីអ៉ីស្រាអែល ក្រោយការមក​ដល់នៃ​ប្រព័ន្ធ S-300 ដែរ​ឬ​អត់​ លោក​​ឧត្តម​សេនីយ៍​​ត្រី​ Hasan Ahmad Hasan ប្រធាន​ការិយាល័យ​​នយោបាយរបស់​កងទ័ពស៉ីរី បាន​និយាយថា នៅក្នុងយុទ្ធសាស្រ្ត​​​យោធា​ គឺ​ពុំ​មាន​នោះ​ឡើយ​​នូវ​ទស្សន​ដែល​ថា រឿងអ្វីៗអាចពុំមានលទ្ធភាព​កើតឡើងទាល់តែសោះ ពីព្រោះថា បើយើងមើលទៅលើ​ផ្ទៃមេឃ​​ដែលបើក​ចំហល្វឹង​ល្វើយ​ ព្រំដែនធំសម្បើម និងបច្ចេកវិទ្យាប្លែកៗជាច្រើន គឺមិនអាចមានការធានាទាំងស្រុងបាននោះទេ ប៉ុន្តែលទ្ធភាព​នៃការ​វាយ​ប្រហារ​ហើយ​ទទួលបានជោគជ័យ គឺត្រូវបានកាត់​បន្ថយឲ្យនៅមានកម្រិតតិច​តួចស្តួច​ស្តើង។

គួរជម្រាបថា កាលពីថ្ងៃទី០២ ខែតុលា ប្រព័ន្ធខែល​ការពារដែនអាកាសរុស្ស៉ី S-300 ថ្មី ត្រូវបានបញ្ជូន​ទៅដល់​ស៉ីរី បន្ទាប់ពី​មានករណី​​បាញ់​ទម្លាក់យន្តហោះឈ្លបការណ៍​រុស្ស៉ីដោយយល់ច្រឡំ ពីសំណាក់​ប្រព័ន្ធ​ការពារអាកាស S-200 របស់ស៉ីរី ចំពេលមានការ​វាយ​ប្រហារ​ពីកងយន្តហោះ​ចម្បាំង F-16 របស់អ៉ីស្រាអែល​ទៅលើ​​ខេត្ត ឡាតាគា (Latakia) នៃប្រទេសស៉ីរី៕