​(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្ដែង​ការស្វាគមន៍ និងកោតសរសើរ​យ៉ាងខ្លាំង ចំពោះការចូល​មកដល់នៃក្រុមហ៊ុន​ទូរគមន៍ចិន (China Telecommunications Corp.,ឬ China Telecom) នៅក្នុងឧស្សាហកម្ម​ទូរគមនាគមន៍​ហ្វីលីពីន ដោយលោកថែមទាំងបានបញ្ជាក់ច្បាស់ទៀតថា ហ្វីលីពីននឹងទទួល​បានផលចំណេញ​ ពីការប្រកួតប្រជែងដ៏ល្អមួយ​ដែលចិននឹងនាំ មកឱ្យឧស្សហកម្ម​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​លោក ឌូតឺតេ ធ្វើឡើងក្រោយគណៈកម្មាធិការ​ជ្រើសរើស​ នៃគណកម្មការជាតិ​ទូរគមនាគន៍ហ្វីលីពីន (​NTC) នៅថ្ងៃពុធ​សប្ដាហ៍នេះ ប្រកាសពី​កិច្ចសហប្រតិបត្តិការ​រវាងក្រុមហ៊ុន China Telecom និងក្រុមហ៊ុន​ហ្វីលីពីន Udenna Corp. ក្នុងការអភិវឌ្ឍ​វិស័យទូរគមនាគមន៍​ នៅក្នុងប្រទេស​ហ្វីលីពីន។

លោក ឌូតឺតេ បានបញ្ជាក់ប្រាប់​ស៊ីនហួរយ៉ាងដូច្នេះថា «វត្តមានរបស់​​ក្រុមហ៊ុន China Telecom នឹងផ្ដល់ការប្រកួត​ប្រជែងមួយយ៉ាងល្អ​ នៅក្នុងឧស្សាហកម្ម​ទូរគមនាគមន៍​ក្នុងប្រទេស ហ្វីលីពីន... ស្របពេលដែលប្រទេសចិន បានបង្ហាញ​យ៉ាងច្បាស់ពីគុណភាព​ផ្នែកគ្រឿងអេឡិចត្រូនិក ដ៏​គួរឱ្យទុកចិត្ត»។

គួរជម្រាបថា ក្រុមហ៊ុន China Telecom គឺជាក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំមួយ​នៅក្នុងប្រទេសចិន ហើយត្រូវបាន​ចុះបញ្ជីនៅ ក្នុងទីផ្សារភាគ​ហ៊ុនហុងកុង និងទីក្រុងញូយ៉ក​ សហរដ្ឋអាមេរិក៕