(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានសម្រេចដាក់​កំហិតការនាំចេញ​បច្ចេកវិទ្យា​ទៅឲ្យ​​ក្រុមហ៊ុន​ផលិតបន្ទះឈីប​​នៃប្រទេសចិន ហ្វ៊ូជាន ជីនហ័រ (Fujian Jinhua Integrated Circuit Company) ដោយយោងលើហេតុផលហានិភ័យ ចំពោះ​សន្តិសុខជាតិ។ នេះបើ​តាម​សេចក្តីប្រកាស​​ពីក្រសួង​ពាណិជ្ជកម្មអាមេរិក ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

ក្រសួងពាណិជ្ជកម្ម​អាមេរិក​បានប្រកាសថា ចាប់ពីកំណត់សុពលភាពចា​ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឡើងទៅ ក្រសួង​នឹងចាត់វិធានការ​ដាក់កំហិត​​លើការនាំចេញ​ ផលិតផលទៅកាន់​ក្រុមហ៊ុនចិន Fujian Jinhua Integrated Circuit Company តាមរយៈការចាត់​បញ្ចូល​ក្នុងបញ្ជីខ្មៅ ដែលប្រការនេះមានន័យថា សហរដ្ឋអាមេរិក​មិនត្រូវឲ្យចែករំលែក​បច្ចេកវិទ្យា ជាមួយក្រុមហ៊ុនចិន​មួយនេះទៀត​ឡើយ។

គួរជម្រាបថា បើតាមការបកស្រាយ​របស់ក្រសួងពាណិជ្ជកម្មអាមេរិក ការធ្វើបែបនេះ គឺពីព្រោះតែ​ក្រុមហ៊ុន Jinhua បង្កហានិភ័យ​ធំ​តាមរយៈជាប់​ពាក់ព័ន្ធសកម្មភាព​នានា ដែលប្រឆាំងនឹងផលប្រយោជន៍សន្តិសុខជាតិ​​របស់សហរដ្ឋអាមេរិក ខណៈការ​ចាត់ក្រុមហ៊ុន Jinhua ចូលក្នុងបញ្ជី​ខ្មៅបែបនេះ នឹងជួយដាក់កំហិតលើសមត្ថភាព​របស់​ក្រុមហ៊ុននេះ ក្នុងការគំរាមកំហែ​ងចំពោះ​បណ្តាញ​ផ្គត់​ផ្គង់​បរិក្ខាចាំបាច់​ក្នុងស្រុក សម្រាប់ប្រព័ន្ធគ្រប់គ្រង​យោធា​អាមេរិក៕