(ម៉ូស្គូ)៖ មូលដ្ឋានកងទ័ព​អាកាស​អាមេរិក រុំាស្ទែន (Ramstein Air Base) ក្នុងប្រទេសអាល្លឺម៉ង់​ត្រូវបាន​គេរាយការណ៍ថា បានទទួល​អាវុធយុទ្ធ​ភណ្ឌប្រមាណ ១០០កុងតឺនឺ ហើយដែល​នេះគឺជាការដឹកជញ្ជូន​អាវុធទ្រង់ទ្រាយធំបំផុត​ ទៅឱ្យកងទ័ពអាមេរិក​ប្រចាំអឺរ៉ុប ចាប់ពីអង្គការណាតូ​ទមា្លក់គ្រាប់បែបលើ​អតីតសហភាព Yugoslavia កាលពីឆ្នាំ១៩៩៩ មក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមកងទ័ព​អាកាសអាមេរិកប្រចាំ​តំបន់អឺរ៉ុប អាវុធយុទ្ធភណ្ឌ ១០០កុងតឺនឺ ខាងលើត្រូវបានដឹកចូលក្នុង​មូលដ្ឋានទ័ព Ramstein នៅអំឡុង​ខែតុលា ហើយការ​ប្រគល់អាវុធនេះ​ មានគោលបំណង​គំាទ្រដល់គំនិតផ្ដួចផ្ដើម​ការពារអឺរ៉ុបរបស់ អង្គការ​ណាតូ ព្រមទាំងបង្កើន​លើធនធាន​ដែលមានស្រាប់ ឱ្យកងទ័ពអាមេរិក​នៅក្នុងតំបន់​អឺរ៉ុប និងបង្កើន​សមត្ថភាពឆ្លើយតប​ ទៅនឹង​ការគំរាមកំហែង​ទាំងឡាយឱ្យទាន់​ពេលវេលា។

ក៏ប៉ុន្តែអ្វីដែលគួរ​ឱ្យកត់សម្គាល់ គឺសេចក្ដីរាយការណ៍​ពីការដឹកជញ្ជូនអាវុធនេះ កើតមានឡើង​នៅចំពេល​សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងដំឡើង​សសៃកដាក់គ្នា បន្ទាប់ពី​លោក ដូណាល់ ត្រាំ ប្រកាសថា នឹងដក​សហរដ្ឋអាមេរិក​ ចេញពីសន្ធិសញ្ញា​អាវុធនុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី (INF)។ ចំណែកឯ​អ្នកជំនាញខ្លះ​បានចាត់ទុកថា ការរត់ប្រណាំង​សព្វាវុធអាចនឹងផ្ទុះ​ឡើងជាថ្មី បើសិនជា​សហរដ្ឋអាមេរិក​ដកខ្លួន ចេញព្រមព្រៀង​នេះ​មែននោះ។

គួរបញ្ជាក់ថា នៅក្នុង​សប្ដាហ៍នេះ​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានព្រមាន​បណ្ដាប្រទេស​អឺរ៉ុប ជាពិសេសគឺអឺរ៉ុប​ខាងកើត​ត្រង់ៗតែម្ដងថា អាចនឹងត្រូវប្រឈមមុខ​នឹងមីស៊ីលរុស្ស៊ី បើហ៊ានទទួល​យកមីស៊ីលអាមេរិក​មកដាក់លើដី​របស់ខ្លួន៕