(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀល ថ្ងៃអាទិត្យ បានកើនដល់២២នាក់ និង១៨៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន១០នាក់របួសធ្ងន់៕

២៖ ទីភ្នាក់ងារ​ជនភៀសខ្លួនហ្គាតេម៉ាឡា​បានទទួលស្គាល់ថា ជនភៀសខ្លួន​បន្ថែមជាង ១,០០០នាក់ បានឆ្លង​ព្រំដែន​ពីប្រទេស​ហុងដូរ៉ាស់ កាលពី​ថ្ងៃអាទិត្យ ហើយដែលនេះ​បានធ្វើឱ្យចំនួនជនភៀសខ្លួន​អាមេរិកកណ្ដាល ធ្វើដំណើរ​ទៅកាន់ព្រំដែន អាមេរិក និងម៉ិចសីកូ​កើនដល់ ៥,០០០នាក់៕

៣៖ ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ​ណារិនដ្រា ម៉ូឌី (Narendra Modi) បានកត់សម្គាល់ថា ឥណ្ឌាមិនដែល​មានមហិច្ឆតាទន្ទា្រញ​យកទឹកដី​ប្រទេសដទៃណា​មួយឡើយ ប៉ុន្តែទន្ទឹមគ្នានេះ​លោកក៏បានព្រមានទៅវិញថា ឥណ្ឌានឹងប្រើប្រាស់កម្លាំង​យោធាទ្វេដង ដើម្បីកម្ទេចសត្រូវ​ដែលហ៊ាន​មកឈ្លានពាន​ ដែនអធិបតេយ្យភាព​របស់ខ្លួន។

៤៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នាថ្ងៃចន្ទនេះបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ ដើម្បី​បើក​កិច្ចប្រជុំ​ជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៉ី ក្នុងនោះមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក ស៉ើ ហ្គៃឡាវរ៉ូវ (Sergei Lavrov) និង​ទីប្រឹក្សាសន្តិសុខ​ជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូស្សេវ (Nikolai Patrushev) ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដក​​​សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF៕

៥៖ កម្រិតប្រជាប្រិយភាព​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ ដែលនឹងប្រព្រឹត្ត​ទៅនាខែវិច្ឆិកា​ខាងមុខនេះ ​ត្រូវគេមើល​ឃើញថា មានអត្រាខ្ពស់ជាង​​​កម្រិតប្រជាប្រិយភាព របស់​អតីត​ប្រធានា​ធិប​តី​អាមេរិកលោក បារ៉ាក់ អូបាម៉ា នៅមុនការបោះឆ្នោត​សភាពាក់​កណ្តាលអាណត្តិ​កាលពីឆ្នាំ២០១០៕

៦៖ ស្តេច​អារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ហ្សូដ (Salman bin Abdulaziz Al Saud) និង​ព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បាន​​ចូលរួមរំលែក​ទុក្ខក្រុមគ្រួសារ​របស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ជុំវិញ​ការបាត់បង់ជិវិតរបស់​អ្នកកាសែត​រូបនេះ នៅក្នុង​ប្រទេសតួកគី៕