(តៃប៉ិក)៖ អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀលថ្ងៃអាទិត្យ បានកើនដល់២២នាក់ និង១៧១នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានប្រមាណ១០នាក់របួសធ្ងន់។ នេះបើតាមអាជ្ញាធរផ្លូវដែក តៃវ៉ាន់ដកស្រង់ដោយសារព័ត៌មាន CGTN​ របស់ចិន។

អាជ្ញាធរផ្លូវដែកតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ទៀតថា អ្នកដំណើរសរុប៣៦៦នាក់ បានជិះនៅលើរថភ្លើង ល្បឿនលឿន Puyuma Express នៅពេលដែលរថភ្លើងនេះរអិលធ្លាក់ផ្លូវ ក្នុងដំណើរផ្លូវចេញពីស្ថានីយរថភ្លើង Shulin ទៅកាន់ស្ថានីយរថភ្លើង Taitung។

ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈពួកគេកំពុងបើកការស៊ើបអង្កេតហើយប្រតិបត្តិការជួយសង្រ្គោះ នៅតែបន្តធ្វើឡើងនៅឡើយ៕