(ម៉ូស្គូ)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នាថ្ងៃចន្ទនេះបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ ដើម្បី​បើក​កិច្ចប្រជុំ​ជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៉ី ក្នុងនោះមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក ស៉ើ ហ្គៃឡាវរ៉ូវ (Sergei Lavrov) និង​ទីប្រឹក្សាសន្តិសុខ​ជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូស្សេវ (Nikolai Patrushev) ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដក​​​សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF។ នេះបើតាមការដកស្រង់​ការ​ផ្សាយ​ចេញ​ពីសារព័ត៌​មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

បើតាមប្រមុខការទូតរុស្ស៉ី ទីក្រុងវ៉ាស៉ីនតោន នៅតែទាន់ចាប់ផ្តើមអនុវត្តន៍នីតិវិធី​នៃការដកខ្លួនចេញពីសន្ធិសញ្ញា IFN ដែល​មាន​អាយុ​កាល​ជាងបីទសវត្សរ៍នៅឡើយទេ។ ទន្ទឹមនឹងនេះ លោក Lavrov បានព្រមានថា ប្រសិន​បើ​អាមេរិកហ៊ានដើរ​ចេញ​ពី​សន្ធិសញ្ញា​ INF មែននោះ ទីក្រុងម៉ូស្គូនឹងចេញមុខប្រឆាំងដាច់ខាត ហើយចាត់វិធានការតបស្នងទៅវិញ។ ម៉្យាងវិញទៀត លោក Lavrov ក៏​បាន​​បញ្ជាក់ថា រុស្ស៊ីត្រៀមលក្ខណៈរួចជាស្រេចដើម្បីចរចាបន្តសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀត គឺ New START ឡើងវិញផងដែរ។

សម្រាប់លោក ដូណាល់ ត្រាំ ការព្រមានដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF គឺដោយសារតែលោកជឿជាក់ថា រុស្ស៉ីបានរំលោភ​បំពានលើកិច្ចព្រមព្រៀងនេះ ខណៈទីក្រុងម៉ូស្គូវិញ បានច្រានចោលការចោទប្រកាន់នេះថា គឺជាចេតនា​របស់​អាមេរិក ក្នុងការបិទ​បាំង​ការបំពានរបស់ខ្លួនឯងតែប៉ុណ្ណោះ។

គួរជម្រាបថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋ​អាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការកាត់បន្ថយការប្រឈម មុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទ មីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕