(ឡុងដ៍)៖ រដ្ឋមន្ត្រីថាមពល​អារ៉ាប៊ីសាអូឌីត ខាលីដ អាល់ហ្វាលី (Khalid al-Falih) បាននិយាយថា អារ៉ាប៊ីសាអូឌីត​គ្មានបំណងបញ្ឈប់​ការលក់ប្រេងឱ្យ​បណ្ដាប្រទេស​លោកខាងលិច​ ដូចដែលខ្លួនធ្លាប់​បានធ្វើកាល​ពីឆ្នាំ១៩៧៣ ឡើយ​ហើយថា​នឹងមិនយកបញ្ហា​ប្រេង ទៅលាយឡំនឹង​រឿងនយោបាយ​ជាដាច់ខាត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

លោក Khalid al-Falih ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយនឹងទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS នៅថ្ងៃចន្ទនេះ ក្នុងបរិបទ​ដែលបណ្ដាប្រទេស​លោកខាងលិច កំពុងពិចារណា​លើការដាក់ទ​ណ្ឌកម្ម ប្រឆាំងនឹង​ទីក្រុងរីយ៉ាដ ជុំវិញការស្លាប់​របស់អ្នកសារព័ត៌មាន​លោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់​ប៊ូលប្រទេសតួកគី។

ដោយឡែក​នៅពេលត្រូវបាន​សាកសួរថា តើទីក្រុងរីយ៉ាដ​អាចនឹងបញ្ឈប់ការ​លក់ប្រេង ឱ្យបណ្ដា​ប្រទេសខាងលោកខាង​លិចដូច​ឆ្នាំ១៩៧៣ ដែរ ឬទេ? រដ្ឋមន្ត្រី​ថាមពលរូបនេះ បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត​គ្មានបំណង​ធ្វើដូច្នេះទេ... ហើយយើង​នឹងមិន​បញ្ហា ប្រេងទៅលាយឡំនឹងរឿងនយោបាយ​ជាដាច់ខាត»។​

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន​ ប្រព័ន្ធផ្សព្វផ្សាយ​អារ៉ាប៊ីសាអូឌីត​បានរាយការណ៍ថា ទីក្រុងរីយ៉ាដ​នឹងចាត់វិធានការឆ្លើយតប​ទៅនឹង រាល់ការដាក់ទណ្ឌកម្ម​ពីសំណាក់បរទេស ហើយក្នុងនោះ​វិធានការប្រេង និងគំរោងទិញ​អាវុធ អាចនឹងត្រូវប្រើប្រាស់ជា​មធ្យោបាយ​ប្រឆាំងនឹង​ទណ្ឌកម្ម៕