(កាប៊ុល) ៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅតាមមណ្ឌលបោះឆ្នោត ជាច្រើន នៅទូទាំងរដ្ឋធានី Kabul បានកើនដល់២៨នាក់ហើយ ខណៈមនុស្សជាង១០០នាក់ទៀតរងរបួស។ នេះបើតាមរដ្ឋមន្ត្រី មហាផ្ទៃអាហ្វហ្កានីស្ថាន លោក Wais Barmak ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

យោងតាម លោក Wais Barmak ជនរងគ្រោះទាំង២៨នាក់ខាងលើមានទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។ លោក បន្ថែម ទៀតថាហេតុការណ៍ផ្ទុះគ្រាប់​បែកច្នៃចំនួន ០៤ករណី បានកើត​មានឡើង នៅក្នុងថ្ងៃបោះ​ឆ្នោតសភា ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃសៅរ៍។ នេះគឺការបោះឆ្នោត​សភាជាលើកដំបូង​ ក្នុងអំឡុងពេល​ជិត​១០ឆ្នាំមកនេះ​នៅអាហ្វហ្គានីស្ថាន ហើយវាបានប្រព្រឹត្តទៅ ក្រោម​ការចូលរួមពី​បេក្ខភាពជាង ២,៥០០រូប ដើម្បីប្រជែង​យកអាសនៈ​​ចំនួន ​២៤៩ នៅក្នុងសភា​ជាន់ទាបអាហ្វហ្គានីស្ថាន។

គួរជម្រាបថា មកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយ​ចេញមុខ​​អះអាងទទួលខុសត្រូវលើការវាយប្រហានេះ នៅឡើយទេ
ក៏ប៉ុន្តែក្រុមតាលីបង់ និងក្រុម ISIS ធ្លាប់បានព្រមាន និងអំពាវនាវជាច្រើនឱ្យប្រជាជនអាហ្វហ្កានីស្ថាន កុំទៅចូលរួមបោះឆ្នោត សភានេះឱ្យសោះ៕