(អង់ការ៉ា)៖ អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា កិច្ចប្រជុំចតុភាគីរវាង តួកគី រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ស្ដីពីជម្លោះនៅ​ក្នុងប្រទេសស៊ីរី នឹងត្រូវរៀបចំ​ឡើងនៅទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​នៅថ្ងៃទី២៧ ខែតុលានេះ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ គឺលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ធ្វើការកត់សម្គាល់​បែបនេះ ប្រាប់​សារព័ត៌មាន​រដ្ឋតួកគី អាណាឌូលូ (Anadolu)។ លោក Kalin បានបន្ថែមទៀតថា ការវិវត្តស្ថានភាព​ចុងក្រោយនៅក្នុងខេត្ត អ៊ីដលីប (Idlib) ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង​របស់ក្រុម​ឧទ្ទាមស៊ីរី និងដំណោះស្រាយ​នយោបាយ ដើម្បីបញ្ចប់​សង្រ្គាមនៅក្នុង​ប្រទេសស៊ីរី អាចនឹងក្លាយ​ជារបៀបវារៈសំខាន់​ សម្រាប់កិច្ច​ប្រជុំកំពូល​នេះ។

លើសពីនេះ​ទៅទៀត បើតាមអ្នកនាំពាក្យ​រូបនេះដដែល ភាគីនៃកិច្ចប្រជុំទាំងអស់​ក៏អាចនឹងយល់ព្រម​សម្របសម្រួល​ដល់កិច្ចខិតខំប្រឹងប្រែង​រួម ក្នុងគោលដៅ​ដោះស្រាយវិបត្តិ​នៅស៊ីរីផងដែរ៕