(ប៉េកាំង)៖ ក្រុមរដ្ឋអាជា្ញចិន​នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា អតីតអនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុចិន លោក ចាង សៅជុន (Zhang Shaochun) ត្រូវបានចាប់ខ្លួន​ហើយ​ពីបទសង្ស័យថា លោក​មានជាប់ពាក់ព័ន្ធ​នឹងអំពើ​ពុករលួយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

លោក Zhang Shaochun ត្រូវបានប៉ូលិសបើកការ​ស៊ើបអង្កេត បន្ទាប់​ពីមាន​ការចោទប្រកាន់ថា លោកបានរំលោភ​ធ្ងន់ធ្ងរ​លើវិន័យ និងច្បាប់​នៅក្នុងយុទ្ធនាការ​បោសសំអាត​អំពើពុករលួយ​ របស់ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង។ ក៏ប៉ុន្តែ​អ្វីដែលគួរឱ្យកត់សម្គាល់​នោះគឺ ការចាប់ខ្លួន​លោក Shaochun ធ្វើឡើងក្រោយ​មេប៉ូលិស​អន្តរជាតិ Interpol លោក ម៉េង ហុងវ៉ៃ (Meng Hongwei) ត្រូវបានប៉ូលិស​ចិនចាប់ខ្លួនពីបទ​សង្ស័យថា មានទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយដូចគ្នា។

គួរជម្រាបថា បើតាម​កាសែត South China Morning Post ដែលមានមូលដ្ឋាន​​នៅទីក្រុង​ហុងកុង​លោក Meng Hongwei អាយុ ៦៤ឆ្នាំ គឺជាជនជាតិចិន​ដំបូង ដែលបានឡើងកាន់តំណែង​​ជាប្រធានស្ថាប័ន​ប៉ូលិសអន្តរជាតិ​ ដែលមាន​ទីស្នាក់ការ​កណ្តាល​​នៅទីក្រុង លីយ៉ុង (Lyon) ប្រទេសបារាំង។ លោក ម៉េង ហុងវៃ ក៏ជាអតីត​អនុរដ្ឋមន្ត្រីសន្តិសុខសាធារណរបស់ចិនផងដែរ។

លោក​ត្រូវបានចាប់​ខ្លួនភ្លាមៗដោយ​អាជ្ញាធរប៉ូលិសចិន រួចយក​ទៅសួរនាំ​បន្ទាប់ពីយន្តហោះ​​របស់លោក​ចុះចត​​នៅ​លើទឹកដី​ចិន​មិនបានប៉ុន្មាន​ផងនោះ ក្រោយលេចលឺ​ដំណឹងថា លោកបានបាត់​ខ្លួនតាំងតែ​ពីថ្ងៃ២៥ ខែកញ្ញា​កន្លងទៅមកម្ល៉េះ តាមរយៈពាក្យ​បណ្តឹង​របស់ភរិយាលោកនៅទីក្រុង លីយ៉ុង ទៅកាន់សមត្ថកិច្ចបារាំង ប៉ុន្តែមកទល់ពេល​គេ​នៅមិនទាន់ទទួលបានដំណឹងថា អាជ្ញាធរចិន​ពេលណាទើបកាត់ទោស​លោក Meng ជាផ្លូវការនោះឡើយ៕