(អាមេរិក)៖ នៅចំពោះមុខនៃភាពជឿនលឿន​ក្នុងវិស័យអវកាស នារយៈពេល ៦០ឆ្នាំ ខាងមុខសម្រាប់​អង្គការ NASA ត្រូវគេ​ព្យាករណ៍ថា អាច​​នឹង​​ខុស​​​​ប្លែក​​ខ្លាំង​ពីរយៈពេល ០៦ទសវត្សរ៍ដំបូង របស់ទីភ្នាក់ងារ​អវកាសនេះ​ ដោយសារតែឥទ្ធិពលនៃក្រុមហ៊ុន​អវកាសឯកជនទាំងឡាយ។ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅល្ងាច​ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

នៅពេល NASA ចាប់ផ្តើមធ្វើប្រតិបត្តិការ​កាលពីឆ្នាំ១៩៥៨ ការហោះហើរបែប​ឯកជននៅទីអវកាស គឺគ្រាន់តែការក្តី​សុបិន្ត​មិនអាច​​ទៅ​រួច​​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុន​អវកាសឯកជន ដូចជា SpaceX របស់​លោក Elon Musk និង Blue Origin របស់លោក Jeff Bezos កំពុងតែផ្តោត​ទៅលើការធ្វើឲ្យក្តីស្រមៃនេះ​ប្រែក្លាយជាការពិត និង​​បើកចំហវិស័យ​អវកាស សម្រាប់មនុស្ស​ជាច្រើន​ជាលើក​ដំបូង។

ជុំវិញរឿងនេះ ក្រុមអ្នកជំនាញ​​បានលើកឡើងជាមតិ​មួយចំនួនថាតើ NASA នឹងដើរតួនាទីអ្វី នៅក្នុងវិស័យហោះហើរ​នៅទីអវកាស​របស់​ក្រុមហ៊ុនឯកជន។ នៅទូទាំង​ពិភពលោក គេសង្កេត​ឃើញថា ស្ថាប័នអវកាស​ប្រមាណ ៧៥ភាគរយ គឺសុទ្ធតែ​ជាកម្មសិទ្ធិឯកជន ហើយបើ​ក្រុមហ៊ុនឯកជន អាចបន្ថយតម្លៃ​ការហោះហើរឡើង​ទីអវកាស ឲ្យនៅត្រឹម ៥០,០០០ដុល្លារនោះ ពួកគេនឹងទទួល​បានការ​ចាប់​អារម្មណ៍​ជាច្រើន។

បច្ចុប្បន្នគម្រោងលេច​ធ្លោបំផុត​រវាង​ NASA និងវិស័យឯកជន គឺកម្មវិធី Commercial Crew របស់ទីភ្នាក់ងា​រអវកាសនេះ។ កម្មវិធី Commercial Crew កំពុងជំរុញការអភិវឌ្ឍ​យានអវកាស ដែលនឹងអាចនាំ​យកអវកាសយានិកឆ្ពោះទៅ និងមកពីស្ថានីយ​​អវកាស​អន្តរជាតិ ISS វិញ ដោយមិនបាច់​មានភាពលំបាក​ដូចសព្វថ្ងៃនេះឡើយ ឧទាហរណ៍​ដូចការបរាជ័យនៃការ​បង្ហោះយាន Soyuz របស់រុស្ស៊ីកាលពីសប្តាហ៍មុន។

ដើម្បីសម្រេច​គោលដៅនេះ NASA បានចុះកិច្ចសន្យា​តម្លៃរាប់ពាន់​លានដុល្លារជាមួយ SpaceX និង Boeing ដែលកំពុងសាងសង់​​យាន Crew Dragon និង CST-100 Starliner។ ក្រៅពីនេះ NASA ក៏នៅ​បន្តមានកិច្ច​សន្យាជាមួយក្រុមហ៊ុន SpaceX និង Northrop Grumman Corp ទាក់ទិននឹងការដឹក​ជញ្ជូនទំនិញ​ទៅកាន់ ISS ផងដែរ។

ការដែលពឹងផ្អែក​ទៅលើក្រុមហ៊ុនឯកជន ដើម្បីផ្តល់សេវានៅ​ឯទីអវកាសក្បែរផែនដី​បែបនេះ នឹងផ្តល់ឱកាស​ឲ្យ NASA បន្តផ្តោត​សំខាន់​ ទៅលើ​គម្រោងបេសកកម្ម​រុករកក្នុងទីអវកាស​ឆ្ងាយៗ។ និយាយរួម NASA អាចទទួលបាន​ផលចំណេញ​ជាច្រើន តាមរយៈ​​​​ការប្រើប្រាស់​ការហោះហើរក្នុងទីអវកាស​របស់វិស័យឯកជន ហើយការប្រឹងប្រែង​អភិវឌ្ឍន៍វិស័យហោះហើរ​ក្នុងទីអវកាស បូករួម​ជាមួយ​​បទពិសោធន៍​បញ្ជូនមនុស្សធ្វើដំណើរ​ក្នុងអវកាសរាប់សិបឆ្នាំ​របស់ NASA នឹងបំពេញគ្នា​យ៉ាងឥតខ្ចោះ។​

គួរជម្រាបថា ដោយមិនដូចមុន បច្ចុប្បន្ននិងនាពេលអនាគត NASA ក៏មានជម្រើស​ក្រុមហ៊ុនច្រើន​ក្នុងការសហការ ដើម្បី​ផលិត​ឧបករណ៍​​របស់​ខ្លួនផងដែរ។ ក្រៅពីនេះ​ក៏នឹង​មានការប្រែប្រួល ទាក់ទិននឹងកម្មសិទ្ធិ​ក៏ដូចជាម្ចាស់​ប្រតិបត្តិការ លើ​យាន​អវកាស​ថែម​​ទៀត​ផង ដោយសារតែ​​អតិថិជន​នៃវិស័យហោះហើរ​នៅទីអវកាស លែងមានតែ NASA ឬរដ្ឋាភិបាល​ទៀតហើយ ដោយវានឹងមាន​ការ​ចូលរួមពីអតិថិជន​មិនមែន​រដ្ឋាភិបាល នោះគឺឯនជន ឬស៊ីវិល៕