(ញូដេលី)៖ ស្ត្រីបម្រើការងារ​នៅលើយន្ដហោះម្នាក់ បានរងរបួសធ្ងន់​បន្ទាប់ពីរូបនាង ​បានធ្លាក់ពីលើយន្ដហោះ​ដឹកអ្នកដំណើរ​មួយគ្រឿង ខណៈកំពុងដើរបិទបង្អួចយន្ដហោះនេះ នៅឯអាកាសយានដ្ឋាន​ក្នុងទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា។ នេះបើ​តាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ គ្រោះថ្នាក់នេះ​បានកើតឡើងនៅអាកាសយានដ្ឋាន​អន្តរជាតិ ឆាត្រាផាទី ស៊ីវ៉ាជី (Chhatrapati Shivaji) នៃទីក្រុង Mumbai នៅថ្ងៃចន្ទនេះ។ ចំណែកឯ ស្ត្រីរងគ្រោះខាង​លើមានឈ្មោះ ហាស្សា ឡូបូ (Harsha Lobo) អាយុ ៥៣ឆ្នាំ។

ស្ត្រីបម្រើការបានរអិលជើងធ្លាក់ពីលើយន្ដហោះ ​នៃជើងហោះហើរ​ទៅកាន់ទីក្រុង​ញូដេលី​របស់​ក្រុមហ៊ុនអាកាសចរណ៍ Air India នៅអំឡុងពេល​ដើរបិទទ្វារ​បង្អួចយន្ដហោះ ជាហេតុធ្វើឱ្យរូបនាង​របួសធ្ងន់ និងត្រូវបញ្ជូនទៅកា​ន់មន្ទីរពេទ្យភ្លាមៗ។ ក៏ប៉ុន្តែ​មូលហេតុនៃ​គ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់ឲ្យលម្អិតនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

គួរជម្រាបថា កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន យន្ដហោះមួយគ្រឿង​ផ្សេងទៀតរបស់ក្រុមហ៊ុន Air India ក៏បានបុក​ទង្គិចនឹង​របងមួយផងដែរ នៅឯអាកាសយានដ្ឋាន​មួយស្ថិតនៅភាគខាត្បូង រដ្ឋ តាមីលណាឌូ (Tamil Nadu) អំឡុងពេលធ្វើការហោះឡើង តែវាមិនបានបណ្ដាល​ឱ្យមានគ្រោះថ្នាក់ធំដុំអ្វីនោះ​ឡើយ៕