(ម៉ូស្គូ)៖ យោធារុស្ស៊ី​នៅថ្ងៃព្រហស្បតិ៍នេះ​បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងម៉ុងហ្គោលី បានដឹកនាំការធ្វើ​សមយុទ្ធប្រឆាំង​ភេរវកម្មរួមគ្នាមួយ នៅឯតំបន់ស៊ីបេរី​ស្ថិតនៅ​ភាគខាងកើត​ប្រទេសរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន យោធារុស្ស៊ី​បានបញ្ជាក់ទៀតថា សមយុទ្ធប្រឆាំង​ភេរវកម្មនេះ​ធ្វើឡើង​នៅក្រោមក្របខណ្ឌ នៃ​ការធ្វើសមយុទ្ធយោធា​រួមគ្នាឈ្មោះ សេឡេងហ្គា ២០១៨ (Selenga-2018) នៅឯមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​យោធា ប៊ឺឌូនី (Burduny) នៃសាធារណរដ្ឋ ប៊ឺរីយ៉ាធា (Buryatia) ស្ថិតនៅក្នុងតំបន់ស៊ីបេរី​ភាគខាងកើត​ប្រទេស​រុស្ស៊ី។

គួរជម្រាបថា សមយុទ្ធប្រឆាំង​ភេរវកម្មខាងលើ មានការចូលរួម​ពីយោធា ១,០០០នាក់ និងអង្គភាពចំនួន ២០០ មកពីប្រទេស​ទាំងពីរហើយសមយុទ្ធនេះ​ បានធ្វើឡើងចាប់តាំង​តែពីផ្ដើមខែតុលា រហូតដល់​ថ្ងៃទី១២ ខែតុលានេះ៕