(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិ​ក​លោក គ្រីស មឺហ្វី (Chris Murphy) និងលោក រ៉ូន ចនសុន (Ron Johnson) បានឱ្យដឹងថា ពួកគេទាំងពីរបានធ្វើបទបង្ហាញពី​សេចក្ដីព្រាង​ច្បាប់ថ្មីមួយ​ស្ដីពីសន្តិសុខ​ថាមពលអឺរ៉ុប និងពិពិធកម្ម ក្នុងគោលបំណង​បង្កើតជាវិធានការ​ចាំបាច់នានា ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ីទៅលើអឺរ៉ុប។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍ចេញ​ផ្សាយនៅថ្ងៃពុធ​សប្ដាហ៍នេះ សមាជិកព្រឹទ្ធសភា​អាមេរិកទាំងពីរ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រង​ទីផ្សារថាមពលជា​មួយការបង្កើត​បណ្ដាញពុករលួយ សំដៅបំផ្លាញ​លោកខាងលិច និងបណ្ដាប្រទេសដែល​មិនមាន​សមត្ថភាពទប់ទល់​នឹងរុស្ស៊ី ឬក៏លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន»

គួរបញ្ជាក់ថា បើតាម​លោក Murphy និងលោក Johnson ច្បាប់ស្ដីពីសន្តិសុខ​ថាមពលអឺរ៉ុប និងពិពិធកម្ម​នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក​ចំណាយប្រាក់ ០១ពាន់លានដុល្លារ សម្រាប់គំរោង​ថាមពលអឺរ៉ុប ព្រមទាំងបង្កើន​ទំនាក់ទំនងការទូត និង​ការគំាទ្រ​បច្ចេកទេស ដែលអាចនឹង​ជួយឱ្យបណ្ដា​ប្រទេសនៅអឺរ៉ុប ទប់ស្កាត់​ឥទ្ធិពលរុស្ស៊ី។

បន្ថែមពីលើនេះ ច្បាប់ខាង​លើដដែល​ក៏បានឱ្យដឹងដែរថា ទីភ្នាក់ងារ​ពាណិជ្ជកម្ម និងអភិវឌ្ឍន៍អាមេរិក រួមទាំងទីភ្នាក់ងារ​ដទៃទៀត​នៃរដ្ឋាភិបាលអាមេរិក​ នឹងផ្ដល់ការគាំទ្រ​ការវិនិយោគក្នុង​វិស័យឯកជន ក្រោមយុទ្ធសាស្ត្រ​នៃគំរោង​ថាមពល នៅ​តំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត​ ពីឆ្នាំសារពើពន្ធ២០១៩ ដល់ឆ្នាំ២០២៣៕