(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទើបតែបាន​បញ្ជាក់ថា ជំនួបកំពូល​ជាលើកទីពីរ​រវាងលោក និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន នឹងកើតឡើង​នៅក្រោយ​ការបោះឆ្នោតសភាពាក់កណ្តាល​អាណត្តិ នាដើមខែវិច្ឆិកា​ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

ខណៈដែលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាម​ស្វះស្វែងរកការគាំទ្រ​ពីបណ្តារដ្ឋនានា ដោយសារតែ​ការបោះឆ្នោតសភាពាក់កណ្តាល​អាណត្តិ ជិតដល់មែនទែននោះ លោកនៅតែ​ឆ្លៀត​បង្ហើ​បប្រាប់​រឿងសំខាន់ ដែលពិភពលោក​​កំពុងតាមដានយ៉ាង​ជ​ក់ចិត្ត នោះគឺលទ្ធភាព​នៃ​ការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ បន្ទាប់ពីរដ្ឋមន្ត្រីការ​បរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ចប់ទស្សនកិច្ច​​​ជាលើកទីបី​នៅកូរ៉េខាងជើង​ កាលពីចុងសប្តាហ៍មុន និងប្រកប​ដោយផ្លែផ្កា​ថែមទៀត។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនទាន់អាច​កំណត់អ្វីច្រើនជាងនេះឡើយ​នាពេលនេះ ដោយសារតែ​ការបោះឆ្នោតពាក់កណ្តាល​អាណត្តិ កាន់តែកៀក​មែនទែនហើយ គឺនៅថ្ងៃទី០៦ ខែវិច្ឆិកា​ខាងមុខនេះ ប៉ុន្តែលោកក៏​មិនភ្លេចបញ្ជាក់រឿងសំខាន់មួយ​ទៀតដែរ នោះគឺទីតាំងសម្រាប់រៀបចំ​ជំនួប​កំពូលលើកទីពីររវាងលោក និងលោក គីម ជុងអ៊ុន ដែលត្រូវ​បាន​កំណត់​គោលដៅ ១ ក្នុងចំណោម ៣ ទីតាំងល្អៗបំផុត ដែលត្រូវបាន​ជ្រើសរើស ហើយឆាប់ៗ​នេះនឹងមានការ​បញ្ជាក់​ច្បាស់លាស់៕