(ញូដេលី)៖ មនុស្សយ៉ាង​ហោចណាស់ ០៦នាក់ និងជាង ៣០នាក់ផ្សេងទៀត​រងរបួស​បន្ទាប់ពីរថភ្លើង​មួយខ្សែបានរអិលធ្លាក់ចេញពី​ផ្លូវដែក ស្ថិតនៅ​ក្នុងរដ្ឋ Uttar Pradesh នៃភាគខាងជើង​ប្រទេសឥណ្ឌា។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

គ្រោះថ្នាក់​ខាងលើនេះ បានកើតឡើងនៅតាមផ្លូវដែក​ត្រង់ចំណុចស្រុក Raebareli ដែលមាន​ចម្ងាយ ៧៧គីឡូម៉ែត្រ ពីភាគខាងត្បូង​នៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh ខណៈ​មូលហេតុ​ពិតប្រាកដនៃគ្រោះ​ថ្នាក់នេះ មិនទាន់មាន​ការបញ្ជាក់នោះឡើយ ដោយក្រុម​សង្គ្រោះ និងមន្ត្រីក្នុង​រដ្ឋភាគខាងជើង​ប្រទេសនេះ កំពុងធ្វើដំណើរ​ទៅកន្លែង​កើតហេតុ។

គួរបញ្ជាក់ថា ទោះបីឥណ្ឌាជា​ប្រទេសធំ និងមានសេដ្ឋកិច្ចកំពុងរីកលូតលាស់លឿនក៏ដោយ ប៉ុន្តែប្រជាជន​​រាប់រយលាននាក់ នៅតែកំពុងរស់​​នៅក្នុងភាពក្រីក្រ ហើយមធ្យោបាយ​ធ្វើដំណើរទាំង​ផ្លូវថ្នល់ និងផ្លូវដែក គឺភាគច្រើន​​មានសភាពចាស់​ទ្រុឌទ្រោម ដែលតែងតែបាន​បង្កគ្រោះថ្នាក់​ ជាច្រើនករណីរៀងរាល់ឆ្នាំ៕