(ញូដេលី)៖ មហាយក្ស​លេខ ២ ប្រចាំទ្វីបអាស៊ី គឺប្រទេសឥណ្ឌា​ទើបតែបានធ្វើតេស្ត​បាញ់​គ្រាប់មីស៊ីល​ប្រភេទ Prithvi-II ដែលមានសមត្ថភាព​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីយប់ថ្ងៃសៅរ៍​កន្លងទៅ ដោយទទួលបាន​ជោគជ័យ ស្ថិតនៅ​ក្នុងរដ្ឋ Odisha ជាប់ឆ្នេរសមុទ្រ​ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

គ្រាប់មីស៊ីខាង​លើនេះត្រូវបានធ្វើតេស្ត កាល​ពីយប់ថ្ងៃសៅរ៍ពិតមែន ប៉ុន្តែព័ត៌មាននៃភាព​ជោគជ័យ​ទើបតែត្រូវបានផ្សព្វផ្សាយ​មុននេះបន្តិចប៉ុណ្ណោះ ដោយវានឹង​ត្រូវដាក់​បញ្ចូល​ទៅក្នុង​គ្រប់មីស៊ីល​យុទ្ធសាស្ត្រ ដែលកងទ័ពឥណ្ឌា​ត្រូវប្រើប្រាស់។ ក្រសួងការពារជាតិឥណ្ឌា​បានបញ្ជាក់ថា ការធ្វើតេស្តបាន​ប្រព្រឹត្តទៅនាវេលាម៉ោង ៨៖៣០នាទីយប់ ហើយគ្រាប់មីស៊ីល​បានហោះទៅកម្ទេច​គោលដៅក្នុងរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ​ ដោយជោគជ័យ។

គួរបញ្ជាក់ថា គ្រាប់មីស៊ីល​ខាងលើនេះ​មានកម្ពស់ជិត ៩ម៉ែត្រ និងអាចដឹកក្បាលគ្រាប់​នុយក្លេអ៊ែរ​ទម្ងន់ពី ៥០០ ទៅ ១,០០០គីឡូក្រាម។ មីស៊ីល​ប្រភេទ Prithvi-II នេះត្រូវបានអភិវឌ្ឍន៍​ដោយអង្គការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍​វិស័យការពារជាតិ​ឥណ្ឌា DRDO៕